ព័ត៌មានជាតិ

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ ធ្វេីឱ្យប្រជាពលរដ្ឋ រស់នៅក្នុងជំរំជនភៀសសឹក ជួប​បញ្ហា​ពិបាក​ក្នុង​ការ​រស់នៅ​ និងកើតក្តីក្តៅក្រហាយ ជាមួយនឹងចោរឈ្លានពានសៀម

ព្រះវិហារ ​៖ នៅល្ងាចថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ២០២៥ ពលរដ្ឋភៀសសឹក ដែលកំពុងតែស្នាក់នៅក្នុងជំរំ តាមគោលដៅផ្សេងៗក្នុងខេត្តព្រះវិហារ បានកើតក្តីមួម៉ៅក្តៅក្រហាយ ជាមួយនឹងពួកចោរសៀម ដែលមកឈ្លានពានបូរណភាពទឹកដីកម្ពុជា ធ្វើឲ្យពួកគាត់ជួបទៅនឹងផលពិបាកផ្សេងៗ ដូចជាការហូបចុក និងការស្នាក់នៅ​ ដោយហេតុថា រដូវនេះគឺជារដូវភ្លៀងធ្លាក់ លាយឡំទៅដោយខ្យល់កន្ត្រាក់ ដែលធ្វើឲ្យតង់ ពួកគាត់បានបោះសម្រាប់ស្នាក់អាស្រ័យនោះ ត្រូវបានប៉ើងខ្ចាត់ខ្ចាយ នៅហាលភ្លៀងហាលខ្យល់ធ្វើឲ្យកុមារតូចៗ ក៏ដូចជាចាស់ជរា មួយចំនួនមានអាការមិនស្រួលខ្លួនជាបន្តបន្ទាប់។

ទោះបីជាពួកគាត់ជួបបញ្ហា និងផលពិបាកយ៉ាងណាក៏ដោយ ក៏ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្ដេចតែងតែគិតគូរអំពីសុខទុក្ខ របស់ពលរដ្ឋជានិច្ចមិនថា គ្រាមានអាសន្នឬក៏គ្រាមិនមានអាសន្ននោះឡើយ គឺសម្ដេចតែងតែចុះជួយ​ ហើយពួកគាត់ក៏សូមអរគុណ ជូនចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលខំយកចិត្តទុកដាក់អស់ ពីកម្លាំងកាយចិត្ត ដើម្បីចុះជួយពលរដ្ឋ ដែលកំពុងតែភៀសខ្លួនស្នាក់នៅ ក្នុងជំរំផ្សេងៗក្នុងខេត្តព្រះវិហារ ៕
ដោយសួនពិសិត

To Top