ព័ត៌មានអន្តរជាតិ

៦០ ឆ្នាំដ៏អច្ឆរិយ ៖ មុខមាត់ថ្មី នៃភូមិភាគស្វយ័ត ស៊ីចាំង

កាលពី ៦០ ឆ្នាំមុន តំបន់ ស៊ីចាំង ( Xizang ) ដែលជាតំបន់ខ្ពង់ រាបស្ថិតនៅភាគនីរតិ នៃប្រទេសចិនបានងើបចេញផុត ពីភាពចលាចល និងវិលទៅរកស្ថិរភាពជាបណ្តើរៗ ។ បន្ទាប់ពីការបង្កើតជា«ភូមិភាគស្វយ័ត» ប្រជាជននៅទីនេះ បានរស់ក្រោមម្លប់សន្តិភាព និងប្រកបរបរចិញ្ចឹមជីវិត ដោយភាពសុខសាន្ត ។

ភូមិភាគស្វយ័ត ស៊ីចាំង ដែលត្រូវគេដាក់ងារថាជា«ឆ្អឹងខ្នងនៃពិភពលោក»ដោយសារសណ្ឋានដីដែលមានរយៈកម្ពស់ជាមធ្យមលើសពី ៤០០០ ម៉ែត្រ ដែលហាក់បីដូចជា«កោះឯកោមួយ»ដែលស្ថិតនៅឆ្ងាយពីខេត្ត-ក្រុងផ្សេងៗ នៃប្រទេសចិន គឺជាទីកន្លែងដែលមានភាពលំបាកខ្លាំងក្នុងការអភិវឌ្ឍ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវជម្នះឧបសគ្គធំៗ នៃសណ្ឋានដីខ្ពស់រាប ។
យ៉ាងណាមិញ បន្ទាប់ពីមានការគាំទ្រពីគោលនយោបាយ នៃរដ្ឋាភិបាលមជ្ឈិម និងជំនួយគាំទ្រពីខេត្ត-ក្រុង មួយចំនួនដែលមានការអភិវឌ្ឍលឿន ដូចជាក្រុងប៉េកាំង ក្រុងសៀងហៃនិងខេត្តក្វាំងទុងជាដើម បណ្តាញហេដ្ឋារចនាសម្ព័ន្ធនៅទីនេះបានកើតចេញ ជារូបរាងជាបណ្តើរៗ ។
សុភាសិតបុរាណខ្មែរបានពោលថា ៖ «មានផ្លូវ មានក្តីសង្ឃឹម»និងសុភាសិតចិន ៖ «ចង់មាន ត្រូវធ្វើផ្លូវមុន» ។ ផ្លូវជាតិមួយខ្សែពីខេត្ត ឈីងហៃ លាតសន្ធឹងដល់ភូមិភាគស្វយ័ត ស៊ីចាំង ដែលមានប្រវែងសរុប ១៩៣៧ គីឡូម៉ែត្រ និងផ្លូវជាតិល្បឿនលឿនពីក្រុង ឈឹងទូ ខេត្ត ស៊ីឈួន ដល់ក្រុង ឡាសា ភូមិភាគស្វយ័ត ស៊ីចាំង ( ផ្លូវតភ្ជាប់ពីខាងជើងមានប្រវែងសរុប ២១១២ គីឡូម៉ែត្រ , ផ្លូវតភ្ជាប់ពីខាងត្បូង មានប្រវែងសរុប ២១៤៦ គីឡូម៉ែត្រ ) ព្រមទាំងរថភ្លើងល្បឿនលឿនឈីងហៃ-ស៊ីចាំង និងជើងហោះហើរជាតិនិងអន្តរជាតិជាដើមបានរំលេចចេញជារូបរាងជាបន្តបន្ទាប់ ។ គិតរហូតដល់ចុងឆ្នាំ ២០២៤ ភូមិភាគស្វយ័ត ស៊ីចាំង មានផ្លូវថ្នល់ប្រវែងសរុប ១២,៤៩ ម៉ឺនគីឡូម៉ែត្រ ផ្លូវដែកប្រវែងសរុប ១៣៥៩ គីឡូម៉ែត្រ និងខ្សែផ្លូវហោះហើរជាតិ និងអន្តរជាតិសរុប ១៨៣ ខ្សែ ។
ប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធ ដ៏ពេញលេញបានបង្កើតជាបណ្តាញ គមនាគមន៍ចម្រុះដែលតភ្ជាប់ភូមិភាគស្វយ័ត ស៊ីចាំង ជាមួយបណ្តាខេត្ត-ក្រុង នានាទូទាំងប្រទេសក៏ដូចជាតភ្ជាប់ជាមួយអន្តរជាតិ ។ បូករួមជា មួយនឹងការផ្គត់ផ្គង់ថាមពលអគ្គិសនីនិងទឹកស្អាតគ្រប់គ្រង ព្រមទាំងបណ្តាញអ៊ីនធើណេត ដែលគ្របដណ្តប់ស្ទើរតែទូទាំង ភូមិភាគស្វយ័ត មិនត្រឹមតែបានលើកកម្ពស់គុណភាព និងផាសុកភាពនៃជីវភាព រស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជំរុញឱ្យវិស័យទេសចរណ៍នៅទីនេះក្លាយជាប្រភពចំណូល ដ៏សំខាន់មួយផងដែរ ។
បន្ទាប់ពីឆ្នាំ ២០២១ ទ្រង់ទ្រាយ នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ ស៊ីចាំង បានត្រូវពង្រីកជាបន្តបន្ទាប់ ។ ផ្អែកលើធនធានទេសចរណ៍ ធម្មជាតិដ៏វិសេសវិសាលនៃតំបន់ខ្ពស់រាប វិស័យទេសចរណ៍វប្បធម៌របស់ ស៊ីចាំង បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ ។ ក្នុងឆ្នាំ ២០២៤ ភូមិភាគស្វយ័តទាំងមូល ទទួលបានភ្ញៀវទេសចរសរុបលើសពី ៦៣,៨៩ លាននាក់ ជាមួយនឹងចំណូលទេសចរណ៍លើសពី ៧៤,៦ ប៊ីលានយាន់ប្រាក់ចិន ។

ចាប់ពីមុនឆ្នាំ ១៩៦៥ ដែលភូមិភាគស្វយ័ត ស៊ីចាំង ត្រូវបានចាត់ទុកថាជាតំបន់ក្រីក្របំផុតមួយក្នុងចំណោមតំបន់ក្រីក្របំផុតនៃប្រទេសចិន រហូតដល់ការចាកចេញពីភាពក្រីក្រទាំងស្រុងនៅខែធ្នូ ឆ្នាំ ២០១៩ ផលិតផលក្នុងស្រុកសរុប (GDP) របស់ ស៊ីចាំង មានទំហំលើសពី ១០០ ប៊ីលានយាន់ប្រាក់ចិនជាលើកដំបូង ហើយសម្រេចបានទំហំ GDP លើសពី ២០០ ប៊ីលានក្នុងឆ្នាំ ២០២៤ ដែលកើនឡើង ១៥៥% បើធៀបនឹងឆ្នាំ ១៩៦៥ ជាមួយនឹងកំណើនជាមធ្យម ៨.៩% ក្នុងមួយឆ្នាំ ។ បើមើលពីចំណូលហិរញ្ញវត្ថុ ក្នុងតំបន់វិញ ក្នុងឆ្នាំ ២០២៤ មានចំណូលសរុប ២៧,៧ ប៊ីលានយាន់ប្រាក់ចិន ត្រូវជា ១២៥៨ ដងនៃឆ្នាំ ១៩៦៥ ជាមួយនឹងកំណើន ជាមធ្យម ១២.៩% ក្នុងមួយឆ្នាំ ។ ក្រៅពីនេះ ប្រាក់ចំណូលជាមធ្យម របស់អ្នកក្រុងនិងជនបទប្រចាំឆ្នាំ ២០២៤ មានចំនួន ៥៥៤៤៤ យាន់ប្រាក់ចិន ឯប្រាក់ចំណូលរបស់កសិករនិងអ្នកគង្វាលមានចំនួន ២១៥៧៨ យាន់ប្រាក់ចិន ។

រយៈពេល ៦០ ឆ្នាំមកនេះ ជនជាតិនានានៃភូមិភាគស្វយ័ត ស៊ីចាំង មានស្វ័យភាពពេញលេញ ពោលគឺអ្វីៗគ្រប់យ៉ាងបានតម្កល់ប្រជាជនជាស្នូល ។ តំបន់ ស៊ីចាំង មិនត្រឹមតែបានបម្រះចេញពីរបបទាសករដែលជាយុគសម័យខ្មៅងងឹតដែលប្រជាជនគ្មានសិទ្ធិសេរីភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បានចាកផុតពីភាពក្រីក្រ និងកំពុងឆ្ពោះទៅរកជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយដែលមានអនាគតប្រកបដោយភាពភ្លឺស្វាង ។
អ្វីដែលជារឿងអច្ឆរិយគឺ ស៊ីចាំង សម្រេចបានទំហំ GDP លើសពី ១០០ ប៊ីលានយាន់ប្រាក់ចិនជាលើកទី ២ ដោយប្រើពេលតែ ៦ ឆ្នាំប៉ុណ្ណោះក្នុងចន្លោះឆ្នាំ ២០១៨-២០២៤ ។ ជាពិសេស ល្បឿនកំណើនសេដ្ឋកិច្ចនៃភូមិភាគស្វយ័ត ស៊ីចាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺនាំមុខគេនៅទូទាំងប្រទេសចិន ពោលគឺលឿនជាងបណ្តាខេត្ត-ក្រុងធំៗដែលមានភាពរីកចម្រើនខ្លាំងខាងសេដ្ឋកិច្ចទៅទៀត ។
រយៈពេលតែ ៦០ ឆ្នាំ តំបន់ខ្ពង់រាបដែលជា «ឆ្អឹងខ្នងនៃពិភពលោក»មួយនេះ បានប្រែពីភាពនៅ«ឯកោ» ទៅជាគោលដៅទេសចរណ៍ដ៏ពេញ និយមរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយសារមានបណ្តាញហេដ្ឋារចនាសម័្ពន្ធនិងប្រព័ន្ធទូរគមនាគមន៍ដ៏ពេញលេញនិងជឿនលឿន ។
រយៈពេលតែ ៦០ ឆ្នាំ ពលរដ្ឋគ្រប់ជនជាតិដែលរស់នៅលើដែនដីនេះមានកន្លែងស្នាក់នៅសមរម្យ មានការងារធ្វើ មានសាលារៀន មានមន្ទីរពេទ្យ មានប្រាក់ឧបត្ថម្ភដើម្បីចិញ្ចឹមជីវិត ក្នុងវ័យជរា ។ល។ អារម្មណ៍ នៃការទទួលបាន អារម្មណ៍ នៃសុភមង្គល និងអារម្មណ៍ នៃសុវត្ថិភាព បានរំលេចឡើង លើផ្ទៃមុខប្រកប ដោយស្នាមញញឹមពព្រាយ របស់អ្នកក្រុង អ្នកជនបទ កសិករ អ្នកគង្វាលបានបង្ហាញថា ពលរដ្ឋម្នាក់ៗ សុទ្ធតែទទួលបាន ផលលាភ ពីសមិទ្ធផលនៃការអភិវឌ្ឍ របស់ប្រទេសជាតិ ហើយបាននិង កំពុងឆ្ពោះទៅរកការកសាងជីវភាព កាន់តែល្អបវរ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top