ព័ត៌មានជាតិ

រួមដៃគ្នា ក្នុងការកសាងសហគមន៍ ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី

ភ្នំពេញ ៖ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានរៀបចំបាឋកថា ស្តីពី«រួមដៃគ្នាក្នុងការកសាងសហគមន៍ ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» ក្រោមអធិបតីភាព លោក វ៉ាត ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ថ្លែងជម្រាបជូនអង្គពិធី ដែលអញ្ជើញមកពីស្ថាប័នទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ មូលនិធិ Peaceland  អង្គការ YUNDI សមាគមពាណិជ្ជកម្មហុកគានប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សរុបចំនួន៥០រូប លោក វ៉ាត ចំរើន បានថ្លែងថា ក្រោមទម្រដ៏រឹងមាំ នៃកិច្ចសហការដ៏ជិតស្និទ្ធរវាងកម្ពុជានិងចិន និងក្រោមដំបូលនៃម្លប់សុខសន្តិភាព គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បាននិងកំពុងបង្កើនសំឡេងរបស់ខ្លួននៅលើឆាកអន្តរជាតិ ដោយអត្តពលិករបស់កម្ពុជា ដណ្តើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធជាច្រើន មកនៅក្រោយប្រកួតកម្រិត ក្នុងតំបន់និងពិភពលោក ។ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ពីការគាំទ្ររបស់មិត្តចិនលើវិស័យកីឡា ព្រមទាំងជួយជ្រោមជ្រែង ដល់បេសកកម្មការងាររបស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាថែមទៀតផង។ 

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរំលេចថា ឆ្នាំ២០២៥ បានរំលេចនូវព្រឹត្តិការណ៍សំខាន់ចំនួន២នោះគឺ ១-ខួប៨០ឆ្នាំនៃការទទួលជ័យជម្នះនៅក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមលោកប្រឆាំងនឹងពួកហ្វាស៊ីស។ ២-ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ក្លាយជាសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ តាមរយៈប្រវត្តិសាស្ត្រ នៃទំនាក់ទំនងរវាងកម្ពុជា និងចិនដែលមានអាយុកាលជាង២០០០ឆ្នាំមកនេះ បានបង្ហាញថា ប្រទេសយើងទាំងពីរ បានឈានជើងចូលក្នុងទសវត្សរ៍ថ្មីមួយ ដែលបានរួបរួមគ្នាកាន់តែជិតស្និទ្ធថែមទៀតក្នុងការកសាងគំរូភាពជាដៃគូដែលផ្តល់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងជាសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ។ ប្រទេសយើងទាំងពីរ កម្ពុជានិងចិន ឈរលើទស្សនវិស័យនៃពិភពលោកមួយដែលគ្មានសង្គ្រាម និងសម្បូរសប្បាយជាមួយនឹងសន្តិភាពដ៏យូរអង្វែង ចាក់ឫសនៅក្នុងដួងចិត្តរបស់យើង។ សូមឱ្យសេចក្តីប្រាថ្នានៃការអភិវឌ្ឍ វិបុលភាព ភាពស្មើគ្នា និងភាពយុត្តិធម៌រីកដុះដាលនៅទូទាំងពិភពលោក ។

ក្រោយពីបានស្ដាប់ ដោយយកចិត្តទុកដាក់លើការបកស្រាយ និង ការឆ្លើយនូវសំណួរពីអង្គពិធី លោក Liu Zhanguo ប្រធានការិយាល័យ មូលនិធិចិន ដើម្បីសន្តិភាពនិង ការអភិវឌ្ឍប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលតែងបង្កើតនូវវេទិកាចែករំលែក និងផ្សព្វផ្សាយពីវប្បធម៌សន្តិភាពដែលជាទស្សនវិជ្ជា នៃប្រជាជាតិយើងទាំងពីរ កម្ពុជានិងចិន។ តាមរយៈវេទិកាទី៣០០របស់លោកបណ្ឌិត ជា មុនីឫទ្ធិ នាថ្ងៃនេះ យើងនឹង អាចបន្តរៀនសូត្រពីគុណតម្លៃស្នូលនៃប្រាជ្ញាចិន ស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដែលប្រទេសចិន ជាអ្នកស្នេហាសន្តិភាព ហើយតែងបន្តរួមចំណែកដល់ការអភិវឌ្ឍជាសកល ដោយប្រទេសចិន តែងផ្តល់ផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ។ លោកបានបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការ ចែករំលែកបទពិសោធន៍ និងនវានុវត្តភាពរបស់យើងជាមួយបណ្តាប្រទេសដទៃទៀត ហើយយើងសូមស្វាគមន៍ បណ្តាប្រទេសទាំងអស់ ក្នុងការមកដល់ នៃដំណើរអភិវឌ្ឍកាន់តែឆាប់រហ័សរបស់ខ្លួន ដើម្បីប្រកៀកស្មារគ្នាឆ្ពោះ ទៅរកការអភិវឌ្ឍរួម ៕

To Top