យន្តហោះឈ្លប យកការណ៍ របស់អាមេរិក UAV ហោះចូលជ្រៅជិត ១.០០០ គីឡូម៉ែត្រ ចូលទៅក្នុងដែនអាកាសម៉ិកស៊ិក

បរទេស៖ យន្តហោះ MQ-9 របស់អាមេរិក បានហោះក្នុងជម្រៅជិត ១.០០០ គីឡូម៉ែត្រ ហើយហោះពីលើដែនអាកាសម៉ិកស៊ិក ខណៈដែលក្រុងវ៉ាស៊ីនតោន បានបង្កើនយុទ្ធនាការរបស់ខ្លួន ប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ទិន្នន័យពីគេហទំព័រតាមដានការហោះហើរស៊ីវិល FlightRadar24 បង្ហាញថា យាន MQ-9 Reaper ឈ្លបយកការណ៍លើអាកាសគ្មានមនុស្សបើក (UAV) ដែលមានលេខកូដ TROY701 របស់គយ និងការពារព្រំដែនអាមេរិក (CBP) បានហោះក្នុងជម្រៅប្រហែល ៩៦៥ គីឡូម៉ែត្រចូលទៅក្នុងដែនអាកាសម៉ិកស៊ិកកាលពីថ្ងៃទី១៣ ខែសីហា។
បន្ទាប់មក UAV បានហោះជុំវិញតំបន់មួយនៅភាគខាងលិចទីក្រុងម៉ិកស៊ិក។ ប្រហែលប្រាំមួយម៉ោងបន្ទាប់ពីការហោះហើរ, យន្តហោះ MQ-9 បានបិទឧបករណ៍បញ្ជូនរបស់វា ហើយបាត់ពីប្រព័ន្ធតាមដានតាមអ៊ីនធឺណិត។
លោក Omar Garcia Harfuch ប្រធានក្រសួងសន្តិសុខ និងការពារពលរដ្ឋ របស់ប្រទេសម៉ិកស៊ិក បាននិយាយថា MQ-9 កំពុងដំណើរការប្រតិបត្តិការ តាមការស្នើសុំរបស់រដ្ឋាភិបាលម៉ិកស៊ិក ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ CBP មិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ៕
ប្រែសម្រួលៈ ណៃ តុលា
