ព័ត៌មានអន្តរជាតិ

បណ្ដាមេដឹកនាំមកពីអឺរ៉ុប និងអាមេរិក យល់ព្រមលើគោលការណ៍ សម្រាប់កិច្ចចរចាជាមួយរុស្ស៊ី

RT News
" "

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា បណ្ដាមេដឹកនាំមកពីអឺរ៉ុប និងសហរដ្ឋអាមេរិក បានយល់ព្រមលើគោលការណ៍ចំនួន៥ សម្រាប់កិច្ចពិភាក្សាជាមួយប្រទេសរុស្ស៊ី ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម ជាមួយអធិការបតីអាល្លឺម៉ង់លោក Friedrich Merz នៅទីក្រុងប៊ែកឡាំង លោក ហ្សេឡិនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែន ត្រូវតែចូលរួមដោយផ្ទាល់នៅ ក្នុងដំណោះស្រាយសន្តិភាព នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។

លោកបានលើកឡើងថា អ្វីគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងអ៊ុយក្រែន គួរតែត្រូវបានពិភាក្សាផ្តាច់មុខជាមួយអ៊ុយក្រែន ដោយលោកបានអំពាវនាវឱ្យរៀបចំ សម្រាប់កិច្ចពិភាក្សាត្រីភាគី ដែលពាក់ព័ន្ធនឹងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ពីតម្រូវ ការសម្រាប់បទឈប់បាញ់ និងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។

" "

លោកក៏បានជំរុញឲ្យមានការដាក់ទណ្ឌកម្មខ្លាំង ជាងមុនទៅលើប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូ មិនយល់ព្រមលើបទឈប់បាញ់ ។ បើយោងតាមលោក ហ្សេឡីនស្គី រូបលោក និងអធិការបតីអាល្លឺម៉ង់  បានជួបប្រជុំគ្នាតាមវីដេអូកាលពីថ្ងៃពុធ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (ណាតូ) លោក Mark Rutte ក្នុងចំណោមមេដឹកនាំផ្សេងទៀត។

" "

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងជួបប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែសីហា នៅក្នុងរដ្ឋ Alaska របស់សហរដ្ឋអាមេរិក ហើយប្រធានាធិបតី អាមេរិករូបនេះ ក៏ទំនងជានឹងបំពេញ ទស្សនកិច្ចមួយ នៅក្នុងប្រទេសរុស្ស៊ីផងដែរ តាមការអញ្ជើញរបស់ទីក្រុងម៉ូស្គូ ពីព្រោះថា ជំនួបបន្ទាប់រវាងមេដឹកនាំទាំងពីរ អាចនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា

To Top