អតីតរដ្ឋមន្ត្រីក្រូអាត ៖ មានកិច្ចព្រមព្រៀង ពាណិជ្ជកម្ម អយុត្តិធម៌រវាងអឺរ៉ុប និងអាមេរិក

បរទេស ៖ អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានក្រូអាត និងជាឯកអគ្គរដ្ឋទូតប្រចាំ នៅប្រទេសរុស្ស៊ីបានឲ្យដឹងថា សហភាពអឺរ៉ុប ត្រូវរងសម្ពាធដោយអយុត្តិធម៌ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក កាលពីខែមុន។ លោក Bozo Kovacevic បានប្រាប់ កាសែតស៊ិនហួ នៅក្នុងបទ សម្ភាសន៍ថ្មីៗនេះថា “នេះមិនមែនជាកិច្ចព្រមព្រៀង យុត្តិធម៌ទេ ព្រោះវាត្រូវបានបញ្ចប់ក្រោមការគំរាមកំហែង ដោយប្រធានាធិបតីសហរដ្ឋអាមេរិក បានកំណត់លក្ខខណ្ឌផ្សេងៗ ឱសានវាទ និងពេលវេលាកំណត់”។
លោក Kovacevic បានលើកឡើងថា សហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីចៀសវាងសេណារីយ៉ូ ដែលអាមេរិកនឹងដាក់ពន្ធគយដ៏ធំសម្បើមលើទំនិញរបស់អឺរ៉ុប ហើយសហភាពអឺរ៉ុប នឹងត្រូវសងសឹកដោយសប្បុរស។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រកាសកិច្ចព្រមព្រៀង នេះកាលពីថ្ងៃទី ២៧ ខែកក្កដា ខណៈដែលសេតវិមាន បានចាត់ទុកវាជា “ប្រវត្តិសាស្ត្រ” មនុស្សជាច្រើននៅអឺរ៉ុប បានរិះគន់ថា វាអយុត្តិធម៌ចំពោះសហភាពអឺរ៉ុប។
ឯកសារដែលចេញផ្សាយ ដោយសេតវិមានកាលពីថ្ងៃទី ២៨ ខែកក្កដា បានបង្ហាញថា ការនាំចេញភាគច្រើន របស់សហភាពអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក រួមទាំងឱសថ យានយន្ត និងគ្រឿងបន្លាស់ និងគ្រឿងអេឡិចត្រូនិក នឹងប្រឈមមុខនឹងអត្រាពន្ធ ១៥ ភាគរយ ដែលទាបជាងការគំរាមកំហែងដំបូងរបស់លោក ត្រាំ ។ ទោះជាយ៉ាងណាក៏ដោយ ផលិតផលដែក អាលុយមីញ៉ូម និងទង់ដែងរបស់អឺរ៉ុបដែលនាំចេញទៅសហរដ្ឋអាមេរិកនឹងបន្តជាប់ពន្ធរហូតដល់ ៥០ ភាគរយ។
លោក Kovacevic ដែលជារដ្ឋមន្ត្រីក្រសួងការពារបរិស្ថាន និងផែនការរូបវន្តពីឆ្នាំ ២០០០-២០០៣ និងបានបម្រើការជាឯកអគ្គរដ្ឋទូតក្រូអាតប្រចាំនៅប្រទេសរុស្ស៊ីពីឆ្នាំ ២០០៤-២០០៩ បានឲ្យដឹងថា លោក ត្រាំ និងលោកស្រី von der Leyen គួរតែដឹងថាអ្វីៗនឹងមិនចាំបាច់ដូចការគ្រោងទុកនៅក្រោមកិច្ចព្រមព្រៀងនោះទេ។
លោកបានលើកឡើងថា “ទីបំផុតការសម្រេចចិត្តជាយុទ្ធសាស្ត្រមិនត្រូវបានធ្វើឡើងដោយគណៈកម្មការអឺរ៉ុបនោះទេ ប៉ុន្តែធ្វើឡើងដោយក្រុមប្រឹក្សាអឺរ៉ុប ដែលមានប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសអឺរ៉ុប លោកស្រី Ursula von der Leyen បានសន្យាថា នឹងវិនិយោគដ៏ធំ នៅអាមេរិក ដោយគ្មានការពិគ្រោះយោបល់ជាមុនជាមួយក្រុមហ៊ុន ដែលអាចជាអ្នកវិនិយោគអឺរ៉ុប នៅអាមេរិក”។
ដើម្បីសម្រេចបាន កិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងអាមេរិក លោកស្រី von der Leyen បានយល់ព្រមថា សហភាពអឺរ៉ុប នឹងទិញផលិតផលថាមពល ដែលមានតម្លៃ ៧៥០ ពាន់លានដុល្លារពីសហរដ្ឋអាមេរិក និងបង្កើនការវិនិយោគរបស់ខ្លួននៅសហរដ្ឋអាមេរិកចំនួន ៦០០ ពាន់លានដុល្លារ៕
ប្រែសម្រួល ឈូក បូរ៉ា
