ព័ត៌មានជាតិ

យោធាថៃ បំពានចូលរាយបន្លាលួស ដាក់កង់ឡាន ធ្វើស្នាក់ការ ជីកលេណដ្ឋានលើទឹកដីកម្ពុជា និងដាក់កាមេរាលើប្រាសាទតាក្របី

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី បានអះអាងថា សកម្មភាពបំពានយ៉ាងគឃ្លើន ពីសំណាក់ក្រុមយោធាថៃតាមរយៈការរាយបន្លាលួស ដាក់កង់ឡាន ធ្វើស្នាក់ការ និងជីកលេណដ្ឋាននៅលើទឹកដីកម្ពុជា បានបំពានសិទ្ធិជាមូលដ្ឋានរបស់កម្ពុជា និងប្រឆាំងទៅនឹងច្បាប់អន្តរជាតិ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃ១៥ សីហា លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរបានរៀបរាប់ពីសកម្មភាពរបស់យោធាថៃបំពានមកលើកម្ពុជាថា នៅថ្ងៃទី១២ សីហា កងទ័ពរបស់ថៃប្រដាប់ដោយអាវុធមកជាមួយផងនោះ បានផ្លាស់ប្តូររនាំងបិទទ្វាររបស់ខ្លួន ហើយក៏រាយបន្លាលួសហួសពីទីតាំងរបស់ខ្លួនចូលមកទឹកដីកម្ពុជានៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែកនៅថ្ងៃ១៣ សីហា ទាហានថៃនៅតែផ្គើនរុលចូលកាន់ទឹកដីកម្ពុជាទៀត នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ដោយរាយបន្លាលួស និងកង់ឡាន ។

លោកបន្តថា នៅថ្ងៃដដែលនោះ កងទ័ពថៃនៅតែបន្តបំពានសាងសង់ស្នាក់ការធ្វើអំពីឈើនៅភូមិឯកភាព ខេត្តពោធិ៍សាត់ ។ ជាមួយគ្នានេះ ពួកយោធាថៃក៏បានជីលេណដ្ឋានយោធានៅខាងកើត និងខាងលិចនៅជុំវិញប្រាសាទតាមាន់ធំ ព្រមទាំងបានប្រើប្រាស់សុនខល្បាតបំពាក់ទៅដោយប្រព័ន្ធកំណត់ទីតាំងតាមផ្កាយរណប GPS និងដាក់កាមេរានៅប្រាសាទតាក្របីផងដែរ ។
លោកគូសបញ្ជាក់ថា សកម្មភាពបំពានយ៉ាងគឃ្លើនរបស់យោធាថៃទាំងនេះ បានធ្វើឲ្យប៉ះពាល់ទៅដល់ជនស៊ីវិលរបស់កម្ពុជាជាច្រើនគ្រួសារ ។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា “សកម្មភាពរបស់ថៃបានពង្រីកជម្លោះចូលទៅដល់តំបន់របស់ប្រជាពលរដ្ឋស៊ីវិល ។ ក្នុងនោះក៏មានទាំងភូមិជោគជ័យ និងភូមិព្រៃចាន់ ។ សកម្មភាពទាំងនេះបានបង្ខំឲ្យពលរដ្ឋកម្ពុជាផ្លាស់ប្តូរទីលំនៅ ធ្វើឲ្យពួកគេបាត់បង់លំនៅដ្ឋាន ហើយនិងជីវភាពរស់នៅ ដែលជាការរំលោភបំពានសិទ្ធិជាមូលដ្ឋានរបស់គេ” ។

លោក ជុំ សុន្ទរីបន្ថែមថា សកម្មភាពទាហានថៃទាំងកម្រោលចូលមកធ្វើសកម្មភាពថ្មីៗនេះ បានរំលោភទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងច្បាប់អន្តរជាតិ ខណៈសកម្មភាពទាំងនេះផ្ទុយទៅនឹងបទឈប់បាញ់ ៕

To Top