ព័ត៌មានជាតិ

អ្នកនាំពាក្យការបរទេសខ្មែរ ៖ ថៃត្រូវបញ្ឈប់ការលុកលុយចូលកម្ពុជា

ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានអំពាវនាវឲ្យភាគីថៃ ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពនានា ដែលបាននិងកំពុងបំពានចូលកម្ពុជា ដោយខុសច្បាប់អន្តរជាតិ ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃ១៥ សីហាអ្នកនាំពាក្យក្រសួងការបរទេសខ្មែរថ្លែងថា សកម្មភាពជាបន្តបន្ទាប់របស់យោធាថៃ បំពានចូលមកដែនដីកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាអំពើខុសច្បាប់ ។ ដូច្នេះភាគីថៃត្រូវបញ្ឈប់ជាបន្ទាន់ ។

លោកបញ្ជាក់ថា “កម្ពុជាអំពាវនាវទៅភាគីថៃ ត្រូវបញ្ឈប់ការលុកលុយ និងការកាន់កាប់មកលើកម្ពុជាដោយខុសច្បាប់។ ក្នុងនោះត្រូវដកកំលាំងយោធា និងសំភារៈនានារបស់ខ្លួនចេញពីទឹកដីកម្ពុជា ទៅទីតាំងរបស់ខ្លួនវិញដែលបានកំណត់ដោយច្បាប់ ។ ថៃក៏ត្រូវគោរពដោយពេញលេញ ចំពោះកាតព្វកិច្ចទ្វេភាគី និងអន្តរជាតិដែលមានសុពលភាព លើផ្នែកច្បាប់រួមទាំងកិច្ចព្រមព្រៀងបទឈប់បាញ់” ។

សម្រាប់កម្ពុជាវិញ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល អ្នកនាំពាក្យប្តេជ្ញាចិត្តឥតងាករេចំពោះការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របទៅតាមច្បាបា់អន្តរជាតិ ។
លោកអះអាងថា កម្ពុជានៅតែមានភាពដាច់ខាត ចំពោះព្រំប្រទល់កម្ពុជា-ថៃគឺមិនអាចផ្លាស់ប្តូរដោយប្រើប្រាស់កំលាំងយោធាឡើយ៕

To Top