ព័ត៌មានជាតិ

ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណាន ប្តេជ្ញាចិត្តជួយផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនចិន

" "

ភ្នំពេញ៖ លោកស្រី Zhang Jing ប្រធានផ្នែកប៉ុស្តិ៍អន្តរជាតិ Lancang Mekong នៃស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណាន ប្តេជ្ញាចិត្ត ជួយផ្សព្វផ្សាយសក្តានុពល ទេសចរណ៍កម្ពុជា ដល់ប្រជាជនចិន ក្នុងខេត្តយូណាន ប្រទេសចិន ។

ការប្តេជ្ញាចិត្តខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ អនុញ្ញាតឱ្យលោកស្រី Zhang Jing ប្រធានផ្នែកប៉ុស្តិ៍អន្តរជាតិ Lancang Mekong នៃស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណាន និងសហការី ចូលជួបសម្តែងការគួរសម​ និងស្នើសុំគោរពរាយការណ៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ លើការរៀបចំព្រឹត្តការណ៍ទេសចរណ៍ ជាលក្ខណៈអន្តរជាតិ និងដ៏ធំនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន នាទីស្តីការក្រសួង។

" "

ក្នុងជំនួបដ៏មានសារៈសំខាន់ ដល់វិស័យទេសចរណ៍ទៅកាន់ទីផ្សារប្រទេសចិននេះ​ លោករដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកស្រី Zhang Jing ដែលបានខិតខំប្រឹងប្រែងផលិតជាវិដេអូ ផ្សព្វផ្សាយគោលដៅទេសចរណ៍ និងទេសភាពស្រស់បំព្រង របស់ប្រទេសកម្ពុជា អរិយធម៌បុរាណ វប្បធម៌ដ៏សំបូបែប ប្រជាជនប្រកបដោយស្នាមញញឹមរួសរាយរាក់ទាក់ ទៅកាន់ប្រជាជនចិន ដើ់ម្បីទាក់ទាញភ្ញៀវទេសចរចិន មកទស្សនានៅប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើង។

" "

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី បានឯកភាព និងផ្តល់កិច្ចសហការលើគម្រោង អញ្ជើញអ្នកសារព័ត៌មាន និង influencers ល្បីៗ របស់ចិន មកប្រទេសកម្ពុជា ដើម្បីជ្រាប ពីសភាពការណ៍នយោបាយ សន្តិសុខ សង្គមពិតជាក់ស្តែង និងសុខសន្តិភាពរបស់ប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅ ផ្តល់សុវត្ថិភាពជូនភ្ញៀវទេសចរគ្រប់រូប៕

To Top