ព័ត៌មានជាតិ

សូម្បីតែផ្ទាំងប៉ាណូ របស់អាជ្ញាធរមីន អប់រំអំពីគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលគាំទ្រ ដោយប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ កូរ៉េខាងត្បូង និង UNDP ក៏ទទួលការគំរាមកំហែង ពីកងទ័ពថៃដែរ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤​ ខែសីហា​ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​នៅថ្ងៃ​នេះ​ អាជ្ញាធរ​មីន​ ឱ្យ​ដឹង​ថា​ ក្រុមអ្នកសង្កេតការណ៍បានឃើញដោយផ្ទាល់នូវ លួសបន្លា សំបកកង់ឡាន ដែលដាក់ដោយកងទ័ពថៃ ព័ទ្ធយកផ្ទះប្រជាពលរដ្ធកម្ពុជា ក្បែរផ្ទាំងប៉ាណូអប់រំអំពីគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿង ផ្ទុះរបស់អាជ្ញាធរមីន ដែលបានដាក់កាលពីឆ្នាំ២០២១។ ផ្ទាំងប៉ាណូនេះទទួលថវិកាគាំទ្រ ពីដៃគូតាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ រួមមានប្រទេសអូស្ត្រាលី នូវែហ្សេឡង់ កូរ៉េខាងត្បូង និង UNDP ។

ដំណើរចុះពិនិត្យស្ថានភាពតាមព្រំដែននេះ ធ្វើឡើង បន្ទាប់ពីកម្ពុជានិងថៃបានឯកភាពគ្នាបទឈប់បាញ់ដែលបានសម្រេច កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ៕

To Top