ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជា ធ្វើបទបង្ហាញអំពីការវិវត្តថ្មីៗ នៃសភាពការណ៍ព្រំដែន កម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេស

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានដឹកនាំការធ្វើបទ បង្ហាញអំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាជាច្រើនរូបដែលបានចូលរួមស្តាប់។

បទបង្ហាញបានលើកពី (១) ខ្លឹមសារ នៃកិច្ចប្រជុំពិសេសស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលសម្រេចបានការ ឯកភាពលើបទឈប់បាញ់ នៅថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី (២)លទ្ធផលល្អប្រសើរ នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី (៣)ការព្រួយបារម្ភរបស់កម្ពុជាលើកំណើន ហានិភ័យចំពោះបទឈប់បាញ់ដ៏សែនផុយស្រួយ ដោយសារតែមានការអនុវត្តសកម្មភាពជាច្រើនរួមទាំង ការរាយបន្លាលួស និងការចលនាកម្លាំង ផ្ទុយនឹងលក្ខខណ្ឌបទឈប់បាញ់ ។

លោកស្រី បានច្រានចោល ទាំងស្រុង ចំពោះការចោទប្រកាន់ថា «កម្ពុជាបានដាក់មីនថ្មីពាក់ព័ន្ធនឹង ករណីផ្ទុះមីនប្រឆាំង មនុស្ស ដែលបានប៉ះ ពាល់ដល់អាយុជីវិត» និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត របស់កម្ពុជាក្នុងការសម្រេចបាននូវសន្តិភាព និងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី។

លោកស្រី អ៊ាត សោភា ក៏បានលើកឡើងផងដែរអំពីលទ្ធផលនៃជំនួបក្រៅផ្លូវការ (Tea Chat) រវាងរដ្ឋមន្រ្តីការបរទេសចិន កម្ពុជា និងថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នៅក្រុង Anning ខេត្តយូណាន ប្រទេសចិនកាលពីថ្ងៃទី១៤ខែសីហាឆ្នាំ ២០២៥៕

To Top