លោក ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបើក “វគ្គអប់រំនយោបាយគណបក្សកម្រិត១ ជំនាន់ទី២៤” ជូនសមាជិក សមាជិកា និងយុវជនគណបក្សស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វគ្គអប់រំនយោបាយគណបក្សកម្រិត១ ជំនានី២៤” ជូនសមាជិក សមាជិកា និងយុវជនគណបក្សស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។ អញ្ជើញចូលរួមក្នុងបើកវគ្គនេះរួមមាន លោក លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិសមាជិកាគណៈកម្មាធិការគណបក្សស្រុក ព្រមទាំងសិក្ខាកាមដែលជាសមាជិក សមាជិការគណបក្សស្រុកគ្រប់ថ្នាក់ ។

ជាកិច្ចចាប់ផ្តើម លោក ពៅ ស៊ីថា អនុប្រធានគណៈ ឃោសនាអប់រំខេត្ត បានធ្វើរបាយការណ៍ស្វាគមន៍ និងបានបញ្ជាក់ថា វគ្គអប់រំនយោយកម្រិត១ ជំនាន់ទី២៤ ប្រារព្ធឡើងដោយមានសិក្ខាកាមចូលរួមរៀនសូត្រ ជាមន្រ្តីរបស់គណបក្សមកពី ស្រុកសាមគ្គីមានជ័យ ដែលមានសមាសភាពមកពីសមាជិកក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរដ្ឋបាលស្រុក អធិការនគរបាល ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ សរុបចំនួន ៥១៩នាក់ ស្រី ១៣៦នាក់។ វគ្គបណ្ដុះបណ្ដាលនេះ គឺជាលើកដំបូងនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលគណបក្សស្រុកបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយ ចែករំលែក និងបង្កើនចំណេះដឹងបន្ថែមអំពីប្រវត្តិ សា្នដៃ លក្ខន្តិកៈគណបក្ស កម្មវិធីនយោបាយគណបក្ស និងពង្រឹងការបណ្ដុះគោលជំហរ និងអត្តចរិតរបស់គណបក្ស ជូនដល់សមាជិក សមាជិកា និងយុវជនគណបក្សទាំងអស់។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ លោក ឆាយ ឫទ្ធិសែន បានមានប្រសាសន៍សំណេះសំណាលដោយបានចែករំលែកនូវពុទ្ធិ និងបទពិសោធន៍ដ៏មានសារៈសំខាន់ជូនសមាជិ សមាជិកាបក្ស ព្រមទាំងបានពាំនាំនូវការសាកសួរសុខទុក្ខ សេចក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ សម្តេចប្រធាន អនុប្រធាន គណបក្សជូនដល់អង្គពិធីទាំងមូល ។

លោកបានបន្តមានប្រសាសន៍លើកឡើងទៀតថាការអប់រំនយោបាយគណបក្ស គឺមានសារៈសំខាន់ និងជាកត្តាចាំបាច់បំផុត ដើម្បីលើកកម្ពស់សមត្ថភាពផ្នែកនយោបាយ អត្តចរិត សីលធម៌ និងស្មារតីទទួលខុសត្រូវរបស់មន្រ្តីគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ដើម្បីឆ្លើយតបទៅនឹងសំណូមពរ តម្រូវការ ស្ថានការណ៍ សភាពការណ៍ និងភារកិច្ចតាមដំណាក់កាលនីមួយៗ។ ជាមួយគ្នានោះ លោកប្រធាន ផ្តល់អនុសាសន៍សំខាន់ៗចំនួនមួយចំនួនដូចខាងក្រោម៖

១.សូមគណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សខេត្តយកចិត្តទុកដាក់បំពេញរាល់ការងារដែលពាក់ព័ន្ធនឹងវគ្គសិក្សានេះឲ្យបានល្អ ប្រសិទ្ធភាពក្នុងការកសាងពង្រឹងធនធានមនុស្សរបស់គណបក្ស។
២.សូមគណៈគ្រប់គ្រងវគ្គយកចិត្តទុកដាក់ដឹកនាំ និងគ្រប់គ្រងដំណើការវគ្គឲ្យបានល្អ និងឲ្យទទួលបាន លទ្ធផលខ្ពស់ស្របតាមកម្មវិធីដែលបាន គ្រោងទុក ។
៣.សូម លោក លោកស្រី ជាគ្រូឧទ្ទេសនាម យកអស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា និងចំណេះដឹង ផ្ទាល់ខ្លួន ផ្ទេរទៅឲ្យសិក្ខាកាមដែលជាអ្នក បន្តវេន ជាអ្នកកសាង និងអភិវឌ្ឍគណបក្សទៅអនាគត ។
៤.សូមសិក្ខាកាមទាំងអស់អត់ធ្មត់ ព្យាយាមក្នុងការរៀនសូត្រ គោរពវិន័យ របស់វគ្គសាមគ្គីជិតស្និទ្ធរវាង សិក្ខាកាម និងសិក្ខាកាមសាមគ្គីល្អជាមួយមន្ត្រី បុគ្គលិកបម្រើការងារក្នុងវគ្គ ដើម្បីជាកិត្តិយសផ្ទាល់ខ្លួនរបស់យើងម្នាក់ៗជា កិត្តិយសសម្រាប់ក្រុមគ្រួសារ និងជាកិត្តិយសសម្រាប់មន្ទីរអង្គភាពក្រុង ស្រុកដែលយើងកំពុងបំពេញភារកិច្ច។







