ធនាគារអភិវឌ្ឍន៍អាស៊ី បង្ហាញសមាជិកដំបូង សម្រាប់កម្មវិធីជំរុញ សេវាធនគារអាកាសធាតុ នៅកម្ពុជា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានប្រកាសលទ្ធផល នៃដំណើរការជ្រើសរើសសមាជិកដំបូង នៃកម្មវិធីជំរុញសេវាធនាគារអាកាសធាតុ (Climate Bank Accelerator ហៅកាត់ CBA)។ គំនិតផ្តួចផ្តើមដើម្បីការផ្លាស់ប្តូរនេះ ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាព ហិរញ្ញវត្ថុអាកាសធាតុ និងនិរន្តរភាព នៅក្នុងវិស័យធនាគាររបស់កម្ពុជា ។
កម្មវិធីនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យឧស្សាហកម្មហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា មានភាពពណ៌បៃតង ដែលរួមមាន ការអភិវឌ្ឍផែនទីបង្ហាញផ្លូវ សម្រាប់ហិរញ្ញវត្ថុ ប្រកបដោយចីរភាព (Sustainable Finance Roadmap) និងការអនុវត្តវដ្តករសាស្ត្រ សម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance Taxonomy) ដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា។
បន្ទាប់ពីការអំពាវនាវជាចំហសម្រាប់ការបង្ហាញ ចំណាប់អារម្មណ៍ ស្ថាប័នហិរញ្ញវត្ថុចំនួនបី ត្រូវបានជ្រើសរើស ដោយផ្អែកលើការបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ពួកគាត់ ទៅនឹងនិរន្តរភាព កម្រិត នៃការត្រៀមខ្លួនរបស់ស្ថាប័ន សង្គតិភាពទៅនឹងគោលដៅ យុទ្ធសាស្ត្រហិរញ្ញវត្ថុ អាកាសធាតុនិងហិរញ្ញវត្ថុបៃតង ព្រមទាំងសមត្ថភាពសម្រាប់នវានុវត្តន៍។ ស្ថាប័នដែលបានជ្រើសរើសរួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB) ភីអិលស៊ី, និង ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «យើង មានសេចក្តីរីករាយ ក្នុងការចាប់ដៃគូជាមួយ ស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយ ចំនួនរបស់កម្ពុជា ដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងគាំទ្រការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចដែលមានកាបូនទាប ហើយធន់នឹងអាកាសធាតុ។ ADB សូមថ្លែងអំណរគុណចំពោះសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិ នៃកម្ពុជា សម្រាប់ភាពជាដៃគូ និងការគាំទ្ររបស់ស្ថាប័នទាំងពីរ ហើយយើងត្រៀមខ្លួន សម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក្នុងវិស័យនេះ។ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុបៃតង គឺជាគោលបំណងសំខាន់នៃផែនការ អភិវឌ្ឍន៍វិស័យឯកជនរបស់ ADB ក្រោមយុទ្ធសាស្រ្តភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨ របស់យើង»។
សូមបញ្ជាក់ថា កម្មវិធី CBA ដែលទើបចាប់ផ្តើមនេះ នឹងឈានចូលដល់ ដំណាក់កាល អនុវត្តការប្រឹក្សា ដែលមានគោលបំណងគាំទ្រ ធនាគារ ដែលបានជ្រើសរើសទាំងនេះ ដើម្បីពង្រឹងសមត្ថភាព ក្នុងការពង្រីកហិរញ្ញវត្ថុអាកាសធាតុ អភិវឌ្ឍផលិតផលហិរញ្ញវត្ថុបៃតងប្រកបដោយនវានុវត្តន៍ និងលើកកម្ពស់ការអនុវត្តការវាយតម្លៃហានិភ័យអាកាសធាតុ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៕
