ព័ត៌មានអន្តរជាតិ

ប្រជាជនអ៊ីស្រាអែល រាប់ពាន់នាក់ តវ៉ាទាមទារឱ្យមានការ ដោះស្រាយចំណាប់ខ្មាំង នៅតំបន់ហ្គាហ្សា

RT News

យេរ៉ូសាឡឹម៖ ប្រជាជនអ៊ីស្រាអែល រាប់ពាន់នាក់បានធ្វើបាតុកម្ម កាលពីថ្ងៃអាទិត្យ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ធានាកិច្ចព្រមព្រៀង ជាមួយក្រុមហាម៉ាស់ ដើម្បីបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់។

ថ្ងៃនៃការកូដកម្ម និងការតវ៉ាទូទាំងប្រទេសបានកើតឡើង ចំពេលមានការកើនឡើងនៃកំហឹងសាធារណៈ ចំពោះផែនការ របស់រដ្ឋាភិបាលក្នុងការ បើកការវាយលុកថ្មីមួយ នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានបំផ្លិចបំផ្លាញ។ ក្រុមអ្នករិះគន់បារម្ភថា ប្រតិបត្តិការដែលមាន បំណងដណ្តើមយកទីក្រុងហ្គាហ្សា និងតំបន់កណ្តាលហ្គាហ្សា អាចបង្កគ្រោះថ្នាក់ដល់ចំណាប់ខ្មាំង ៤៩ នាក់ដែលនៅតែឃុំខ្លួននៅទីនោះ។

វេទិកាចំណាប់ខ្មាំង និងគ្រួសារបាត់ខ្លួន ដែលរៀបចំបាតុកម្មបានបញ្ជាក់ថា មនុស្សរាប់សែននាក់បានចូលរួមក្នុងការប្រមូលផ្តុំនៅជាង ៣០០ ទីតាំងនៅទូទាំងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងទីក្រុង Tel Aviv ផ្លូវនានាត្រូវបានសម្អាត ខណៈដែលអាជីវកម្មជាច្រើន រួមទាំងសាខាក្នុងស្រុករបស់ Microsoft, Meta និង Fiverr ត្រូវបានបិទដោយសាមគ្គីភាពជាមួយនឹងការតវ៉ា ។ ក្រុមបាតុករបានបិទផ្លូវហាយវេ រួមទាំងផ្លូវធំទៅកាន់ក្រុងយេរូសាឡឹម ដុតកង់ឡាន និងរំខានដល់ការដឹកជញ្ជូន ។ ក្រុមអ្នកតវ៉ាបានកាន់ទង់ជាតិអ៊ីស្រាអែល អមជាមួយនឹងបដាពណ៌លឿង ដែលតំណាងឱ្យការតស៊ូចំណាប់ខ្មាំង ដោយស្រែកពាក្យស្លោក និងវាយស្គរ ។

ប៉ូលិសបានរាយការណ៍ថា បានប្រើកាណុងបាញ់ទឹក ដើម្បីបំបែកការប្រមូលផ្តុំមួយចំនួន និងចាប់ខ្លួនមនុស្សយ៉ាងតិច ៣៨ នាក់។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Bezalel Smotrich ដែលជារដ្ឋមន្ត្រីស្តាំនិយមបានថ្កោលទោសការតវ៉ានេះថាជា “យុទ្ធនាការដ៏ច្របូកច្របល់ និងបង្កគ្រោះថ្នាក់ ដែលចូលក្នុងដៃក្រុមហាម៉ាស”។ លោក Smotrich បានបន្ថែមថាសម្ពាធសម្រាប់កិច្ចព្រមព្រៀងមួយនឹង “កប់ចំណាប់ខ្មាំងនៅក្នុងផ្លូវរូងក្រោមដី” និងបង្ខំឱ្យអ៊ីស្រាអែល “ចុះចាញ់សត្រូវរបស់ខ្លួន” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top