ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ -ថ្មគរ) សាងសង់បាន២០% គ្រោងរួចរាល់អំឡុងឆ្នាំ២០២៨

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ ដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)សាងសង់បាន២០%ហើយ។

ស្ពាននេះបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់ សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

សូមជម្រាបជូនថា ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)ជាប្រភេទស្ពានបេតុង ដោយស្ពាន និងផ្លូវក្បាលស្ពាន ប្រវែងសរុប ៣៧០០ម៉ែត្រ ,តួស្ពានប្រវែង ១៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។

ផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែង ២១០០ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) ។ រយៈពេលសាងសង់ចំនួន៤៨ ខែ(គ្រោងបញ្ចប់អំឡុងឆ្នាំ២០២៨)៕


