អាជ្ញាធរមីនកម្ពុជា ថ្លែងអំណរគុណ អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិក ប្រចាំសេតវិមាន បានចូលរួមប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយរបស់ថៃ

ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានថ្លែងអំណរគុណចំពោះលោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិក ប្រចាំសេតវិមាន តែងតែគាំទ្រសន្តិភាពនៅកម្ពុជា និងចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយរបស់ថៃ ដែលតែងតែបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា លើឆាកអន្តរជាតិ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ លោកបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា “គ្រាន់តែអញ្ជើញលោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមាន តាម facebook របស់ប្អូន សយ សុភាព ភា្លម លោក ALFARO បានផ្តល់កិត្តិយសអញ្ជើញមកសិក្សាឈ្វេងយល់អំពីសកម្មភាពមីននៅកម្ពុជា”។

លោកបណ្ឌិត ទេសរដ្ឋមន្ដ្រី បន្ដថា “អាជ្ញាធរមីន ពិតជាមានកិត្តិយស និងសូមថ្លែងអំណរគុណចំពោះ លោក ALFARO ដែលតែងតែគាំទ្រសន្តិភាពនៅកម្ពុជា និងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងពត៌មានក្លែងក្លាយរបស់ថៃ ដែលតែងតែបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ”

លោកបណ្ឌិត ទេសរដ្ឋមន្ដ្រី បន្ថែមថា លោក ALFARO ពិតជាបានស្តារឡេីងវិញនូវភាពស្អាតស្អំ និងភាពថ្លៃថ្នូរពិតប្រាកដជូនប្រជាជន និងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលស្វាគមន៍ លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមាន ស្តីពីជំនួយគាំទ្រសកម្មភាពមីនមនុស្សធម៌ របស់សហរដ្ឋអាមេរិកនៅកម្ពុជា។


