ព័ត៌មានអន្តរជាតិ

លោក ពូទីន អះអាងថា រុស្ស៊ី ចង់ឃើញការបញ្ចប់ ជម្លោះអ៊ុយក្រែន ប៉ុន្ដែមិនឆ្លើយតប ចំពោះកិច្ចពិភាក្សា ត្រីភាគីរបស់លោក ដូណាល់ ត្រាំ

RT News

មូស្គូៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា រុស្ស៊ីចង់ឱ្យមានការបញ្ចប់អរិភាពនៅអ៊ុយក្រែនឱ្យបានឆាប់ តាមមធ្យោបាយសន្តិភាព ប៉ុន្ដែរហូតមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបចេញ ពីភាគីវិមានក្រឹមឡាំងនៅឡើយទេ ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលត្រីភាគី ដែលស្នើឡើងដោយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ។

លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយ ស្តីពីលទ្ធផលនៃកិច្ចពិភាក្សារបស់លោក ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា រុស្ស៊ីគោរពជំហរ របស់រដ្ឋបាល សហរដ្ឋអាមេរិក ដែលមើលឃើញពីតម្រូវការ សម្រាប់ការបញ្ឈប់អរិភាព ជាមុន ហើយរុស្ស៊ីចង់បន្តដោះស្រាយបញ្ហា ទាំងអស់ដោយសន្តិវិធី។

លោក ពូទីន បានលើកឡើងថា ដំណើរទស្សនកិច្ច របស់លោកទៅកាន់រដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក គឺទាន់ពេលវេលា និងមានប្រយោជន៍បំផុត ដោយលោកបានបន្ថែមថា កិច្ចពិភាក្សាបានគ្របដណ្តប់ ស្ទើរតែគ្រប់វិស័យ នៃប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក។ កិច្ចសហប្រតិបត្តិការ ក៏ដូចជាដំណោះស្រាយ ដែលអាចកើតមាននៃវិបត្តិអ៊ុយក្រែន ដោយឈរលើមូលដ្ឋានយុត្តិធម៌។

លោកបានបញ្ជាក់ថាការសន្ទនាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺបានប្រព្រឹត្ដទៅដោយស្មោះត្រង់ ហើយនាំឱ្យយើងខិតទៅជិតការសម្រេចចិត្តចាំបាច់” ជំនួបរវាងមេដឹកនាំ កំពូលទាំងពីរ ត្រូវបានធ្វើឡើង កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅរដ្ឋអាឡាស្កា ប៉ុន្តែមិនមានកិច្ចព្រមព្រៀង ណាមួយត្រូវបានសម្រេចនោះទេ។ កិច្ចពិភាក្សាដែលមានរយៈពេលប្រហែល ៣ម៉ោង បានផ្តោត ជាចម្បងលើវិបត្តិអ៊ុយក្រែន ក៏ដូចជាការកែប្រែទំនាក់ ទំនងទ្វេភាគី ដែលបានជាប់គាំងយ៉ាងធំធេង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំអឺរ៉ុប បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយថាលោកចង់រៀបចំឱ្យមានជំនួបកំពូលត្រីភាគីជាមួយលោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឱ្យបានឆាប់ ពោលគឺនៅថ្ងៃទី ២២ ខែសីហា តែម្ដង៕

To Top