កងរាជអាវុធហត្ថ ឃាត់រថយន្តដឹកដើមអាកាស្យា ដែលបម្រុងឆ្លង ទៅប្រទេសវៀតណាម

មណ្ឌលគិរី ៖ រថយន្តធន់ធំចំនួន 2គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកកែវសីមា ធ្វើការឃាត់ និងបញ្ជូនទៅកាន់សង្កាត់រដ្ឋបាលព្រៃឈើ ចុងផ្លាស់-ស្រែព្រះ ។ ការឃាត់រថយន្តទាំងនោះ បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី 19 ខែសីហា ឆ្នាំ 2025 តាមបណ្ដោយផ្លូវឆ្ពោះទៅច្រកទ្វាទ្វេភាគីឡ៉ាប៉ាខេ ក្នុងភូមិអូរអាម ឃុំស្រែកខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

រថយន្តទាំងពីរគ្រឿងខាងលើ ត្រូវបានគេបញ្ជាក់ថា បម្រុង និងឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកឡ៉ាប៉ាខេនេះ តែត្រូវបានកងរាជអាវុធហត្ថ នៃស្នាក់ការ 761 និង បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា ឃាត់បាន ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ក្រោមហេតុផល ត្រួតពិនិត្យច្បាប់ទម្លាប់ ដែលអាចឆ្លងដែនបាន។
លោកប៉ៃ លិន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា បញ្ជាក់ថា លោកបានទទួលបទបញ្ជា ពីលោកមេបញ្ជាការខេត្ត ដើម្បីឃាត់រថយន្តពួកគាត់យកមកពិនិត្យ ហើយពេលនេះ បានបញ្ជួនដល់ដៃ លោកនាយសង្កាត់រដ្ឋបាលព្រៃឈើហើយដែរ។

ទាក់ទិននិងករណីនេះ ក្រោយទទួលរថយន្តទាំងពីរគ្រឿង ដែលផ្ទុកឈើដាំក្នុងស្រុកប្រភេទ អាកាស្យា លោកឈាង ណាក់ នាយសង្កាត់រដ្ឋបាលព្រៃ ឈើចុងផ្លាស់-ស្រែព្រះ បានអោយដឹងថា រថយន្តទាំងនេះ គឺដឹកអាកាស្យា ចេញមកពីក្រុមហ៊ុនមួយឯទឹកដីនៃខេត្តក្រចេះ ចំណែកច្បាប់ទម្លាប់ លោកថាគេមាន..លោកថាក្រុមហ៊ុនរបស់គេ កំពុងធ្វើកាងារនេះ ជាមួយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី… ចំណែកលោកនៅមិនទាន់បានឃើញច្បាប់របស់គេ នោះទេ។
ទោះជាមានការអះអាងថា មានច្បាប់ទម្លាប់ត្រឹមត្រូវពីអ្នករត់ការហើយក្តី ប៉ុន្តែគិតត្រឹមរសៀលថ្ងៃដដែលនេះ រថយន្តទាំងពីរគ្រឿងនៅពុំទាន់ អនុញ្ញាតអោយបើកត្រឡប់ទៅវិញឡើយ ដោយរង់ចាំពិនិត្យឯកសារផ្លូវការ ដែលក្រុមហ៊ុនបញ្ជួនមកដល់ ៕

