កម្ពុជា-ចិន រួមដៃគ្នា ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក XU Hao អភិបាលរង នៃខេត្តយូណាន និងគណៈប្រតិភូ នាថ្ងៃទី២៥ សីហា អញ្ជើញចូលជួបពិភាក្សា ការងារ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ប្រទេសកម្ពុជា និងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបង្ហាញពីគោលដៅ ទេសចរណ៍ដ៏ទាក់ទាញ របស់កម្ពុជា ដើម្បីជំរុញលំហូរភ្ញៀវទេសចរ ក្នុងខេត្តយូណាន មកកាន់ប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើន។

ក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរ បានឯកភាព ក្នុងការជួយជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនខេត្តយូណាន ឱ្យកាន់តែទូលំទូលាយ ដោយស្របតាមស្មារតីនៃ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥”។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តយូណានសហការ ជួយទាក់ទាញវិនិយោគិន ក្នុងខេត្តយូណានឱ្យមកបណ្តាក់ទុន បង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលពោរពេញដោយសក្តានុពល និងទទួលបានការការពារ ការអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនពីប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាការសហការរៀបចំ FAM Trip ដោយអញ្ជើញប្រតិភូសារព័ត៌មាន និង Influencers ល្បីៗពីខេត្តយូណាន ឱ្យមកទស្សនានិងជួយជំរុញ ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានកាន់តែ ទូលំទូលាយបន្ថែមទៀតផងដែរ៕

