ក្រុមហាម៉ាស់ ត្រៀមខ្លួនសម្រាប់កិច្ច ព្រមព្រៀងបទឈប់បាញ់ ប៉ុន្ដែចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ ពីការបដិសេធរាល់ ដំណោះស្រាយ

ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានឲ្យដឹងថា ខ្លួនបានយល់ព្រមលើកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសមួយផ្នែកជាមួយអ៊ីស្រាអែល ហើយបានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចព្រមព្រៀង បទឈប់បាញ់ដ៏ទូលំទូលាយមួយ ប៉ុន្តែនាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានច្រានចោលដំណោះស្រាយទាំងអស់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់ បានឲ្យដឹងថា ការយល់ព្រមរបស់លោក ណេតាន់យ៉ាហ៊ូ លើ “ផែនការកាន់កាប់តំបន់ហ្គាហ្សា” បន្ទាប់ពីចលនានេះបានយល់ព្រម ចំពោះសំណើរបស់អ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា កាលពីសប្តាហ៍មុន បង្ហាញពី “ការទទូចរបស់លោក លើការរារាំងកិច្ចព្រមព្រៀង” ។
ក្រុមហាម៉ាស់ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង ឈប់បាញ់ គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះលែងចំណាប់ខ្មាំង អ៊ីស្រាអែលទាំងអស់ ហើយទទួលខុសត្រូវទាំងស្រុង ចំពោះជោគវាសនារបស់ពួកគេ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឆងថា លោកបានណែនាំក្រុមមន្ត្រីឱ្យចាប់ផ្តើម “ការចរចាជាបន្ទាន់” សម្រាប់ការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា និងការបញ្ចប់សង្រ្គាម ខណៈពេលដែលលោកក៏បានប្តេជ្ញាអនុម័តផែនការយោធា ដើម្បីដណ្តើមយកទីក្រុងហ្គាហ្សា ផងដែរ។
លោក ណេតាន់យ៉ាហ៊ូ មិនបានឲ្យដឹងនោះទេថា តើការចរចានឹងចាប់ផ្តើមដោយរបៀបណា ឬនៅទីណានោះទេ។ គេហទំព័រព័ត៌មាន Ynet របស់អ៊ីស្រាអែល ដែលបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់ បានរាយការណ៍ថា គ្មានគណៈប្រតិភូត្រូវបានគេរំពឹងថានឹងចេញដំណើរទៅទីក្រុងដូហា ឬទីក្រុងគ៊ែរ ក្នុងដំណាក់កាលនេះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា
