ព័ត៌មានជាតិ

ពលករខ្មែរ ដែលបានត្រឡប់មកពីថៃ ប្រមាណជាង ១៣ម៉ឺននាក់ ទទួលបានឱកាសការងារ

ភ្នំពេញ ៖ មកដល់ពេលនេះ ពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីថៃជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ។ នេះបើយោងតាមការលើកឡើងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីយន្តការគាំទ្រ ដល់ពលករខ្មែរ ត្រឡប់មកពីប្រទេសថៃវិញ នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ក្រោយពីការត្រឡប់មកវិញ របស់បងប្អូនពលករ ក្រសួងការងារជាដំបូង ផ្តោតលើរោងចក្រធំៗ ដើម្បីធានាថាបងប្អូនពលករដែលត្រឡប់មកវិញ ទទួលបានឱកាសការងារជាមួយនឹងស្តង់ដារ និងលក្ខខណ្ឌការងារ ដែលល្អប្រសើរ។

លោកថ្លែងថា៖ “យើងផ្តោតលើរោងចក្រធំៗដែលបម្រើការនាំចេញ ដោយសាររោងចក្រធំទាំងនោះមានលក្ខខណ្ឌការងារល្អ មានប្រាក់ខែប្រហាក់ ប្រហែលថៃ កន្លែងធ្វើការមានស្តង់ដាប្រហាក់ប្រហែលថៃ និងទំនើប ដែលក្រោយពីបងប្អូន បានចូលធ្វើការងារហើយ គាត់នឹងមិនត្រឡប់ទៅវិញនោះទេ”។

ផ្ទាំងពាណិជ្ជកម្ម

បន្ថែមពីនេះ លោក ហេង សួរ បានលើកឡើងថា ក្រសួងការងារ ប្រមូល បានឱកាសការងារ រាប់សិនម៉ឺនកន្លែង ជារៀងរាល់សប្តាហ៍ ឯការ ប្រែប្រួលពីព័ត៌មានទីផ្សារ ការងារដោយសារតម្រូវការ ការងារជាច្រើនពីសំណាក់ បងប្អូនពលករខ្មែរ ហើយវាក៏បង្ហាញពីការខិតខំ នៃតួអង្គពាក់ព័ន្ធក្នុងការ ជួយរកការងារជូនពួកគាត់។

សូមបញ្ជាក់ថា ការទទួលបានឱកាសការងារ របស់ពលករខ្មែរជាង ១៣ម៉ឺននាក់ ដោយសារវិធានការពីរសំខាន់ៗ គឺវិធានការដែលដាក់ចេញដោយក្រសួងការងារ និងការចូលរួមពីក្រុមហ៊ុនឯកជនផងដែរ៕

To Top