ព័ត៌មានជាតិ

សាស្ត្រាចារ្យឈាង រ៉ា រំលឹកឲ្យក្រុមគ្រូពេទ្យ ប្រកាន់ខ្ជាប់ក្រមសីលធម៌ បម្រើសេវាសុខភាពជូនពលរដ្ឋ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសរំលឹកដល់មន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុក ដាក់ខ្ពស់ លើការគោរពវិន័យការងារ ការបន្តពង្រឹងសមត្ថភាព ទាំងភាពជាអ្នកដឹកនាំ ទាំងជំនាញបច្ចេកទេស ដោយចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នា ជាពិសេសប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ វិជ្ជាជីវៈបម្រើសុខភាព ជូនប្រជាពលរដ្ឋតាមតម្រូវការ។

ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលនេះ ក្នុងឱកាសចុះទស្សនកិច្ច មន្ទីរពេទ្យតេជោ កោះធំ នាខេត្តកណ្តាល កាលពីថ្ងៃ២២ សីហា ។ ឱកាសនោះ សាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យតេជោ កោះធំ អំពីវិធីសាស្រ្តនានាក្នុងការរៀបចំសេវាផ្សេងៗឲ្យកាន់តែរលូន តួយ៉ាងសេវាសង្គ្រោះបន្ទាន់ សេវាសង្គ្រោះកម្រិតធ្ងន់ សេវាសម្រាល និងរូបភាពវេជ្ជសាស្ត្រជាដើម ។

ផ្ទាំងពាណិជ្ជកម្ម

សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសបន្តសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសែន កោះធំ និងសួរពីចំណាប់អារម្មណ៍ពួកគាត់អំពីការបម្រើសេវារបស់មន្ទីរពេទ្យ ដែលប្រជាពលរដ្ឋបានបង្ហាញពីការរីករាយ ចំពោះការយកចិត្តទុកដាក់ ការរួសរាយរាក់ទាក់របស់គ្រូពេទ្យ រួមសំដីសំដៅនិងឥរិយាបថល្អ។ បន្ថែមលើនេះដែរ ប្រជាពលរដ្ឋមានការសប្បាយចិត្ត ដែលមានមន្ទីរពេទ្យធំស្អាតនៅជិតផ្ទះ ស្តង់ដាទំនើប ជាមួយគ្រូពេទ្យប្រកបដោយវិជ្ជាជីវៈ នៅទឹកដីស្រុកកោះធំ ខេត្តកណ្តាលនេះ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រប់បុគ្គលិក និងថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវយកចិត្តទុកដាក់តម្កល់ខ្ពស់ មតិចូលរួមស្ថាបនារបស់ពលរដ្ឋ ដែលមកទទួលសេវា តាមរយៈប្រអប់សំបុត្រ មតិយោបល់ និងQR code ដោយខិតខំស្វែងយល់អំពីចំណុច ដែលមិនទាន់ល្អប្រសើរ និងធ្វើការកែលម្អឲ្យបានទាន់ពេលវេលា ក្នុងការបង្កើនទំនុកចិត្តជូនដល់ប្រជាពលរដ្ឋ កាន់តែខ្លាំងឡើង៕

To Top