ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ផ្ដាំផ្ញើយុវជន ថា ទន្ទឹមនឹងមានស្មារតីស្នេហាជាតិ ក៏ត្រូវមានសមត្ថភាពផងដែរ ទើបប្រទេសជាតិរីកចម្រើនឆាប់រហ័ស

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេ​ប្រយោគទូទាំងប្រទេស ប្រចាំរាជធានីភ្នំពេញ បានផ្ដាំផ្ញើដល់យុវជនកម្ពុជា ថា ទន្ទឹមនឹងមានស្មារតីស្នេហាជាតិ ក៏ត្រូវមានសមត្ថភាពផងដែរ ទើបប្រទេសជាតិរីកចម្រើនឆាប់រហ័ស រស់នៅប្រកបដោយកិត្តិយស និងរក្សាបាននូវសុខសន្តិភាព ។

ការផ្ដាំផ្ញើរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសដល់គណៈមេប្រយោគប្រធានមណ្ឌល និងគណៈកម្មការនានាប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ២៨ សីហា ២០២៥ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការធ្វើកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលជាផ្នែកមួយដ៏សំខាន់នៃកំណែទម្រង់វិស័យអប់រំកម្ពុជាទាំងមូល ដែលមានគោលដៅចម្បង គឺដើម្បីពង្រឹងធនធានមនុស្សនៅកម្ពុជា ជំរុញឱ្យសិស្សប្រឹងប្រែងរៀនសូត្រ ឯគ្រូក៏ខំប្រឹងបង្រៀន ត្បិតថាទាល់តែមានការប្រឡងដែលតឹងរឹង មានតម្លាភាព និងភាពយុត្តិធម៌ ទើបអាចជំរុញឱ្យសិស្សខិតខំប្រឹងប្រែង រៀនពិតប្រាកដ ។

ផ្ទាំងពាណិជ្ជកម្ម

ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា «ដូច្នេះកម្ពុជា នឹងទទួលបាន នូវធនធានមនុស្សប្រកបដោយគុណភាព ដែលជាកម្លាំងចលករដ៏សំខាន់គាំទ្រ ដល់ការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងផ្តាំផ្ញើទៅកាន់យុវជនកម្ពុជាទាំងអស់ សូមឱ្យចងចាំថា ទន្ទឹមនឹងមានស្មារតីស្នេហាជាតិ ក៏ត្រូវមានសមត្ថភាពផងដែរ ទើបប្រទេសជាតិ យើងរីកច្រើនឆាប់រហ័ស រស់នៅប្រកបដោយកិត្តិយស និងរក្សាបាននូវសុខ សន្តិភាព បូរណភាពទឹកដី និងការអភវិឌ្ឍ ប្រកបដោយចីរភាព» ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមការងារទទួលបន្ទុក ការប្រឡងឆ្នាំនេះទាំងអស់ ឱ្យបន្តខិតខំបំពេញ តាមភារកិច្ចរៀងៗ ខ្លួនប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព ដើម្បីជំរុញឱ្យដំណើរការ នៃការប្រឡងប្រព្រឹត្តិទៅប្រកប ដោយភាពរលូនជោគជ័យ និងសូមជូនពរឱ្យមានសុខ សុវត្ថិភាព សុខភាពល្អ និងទទួលបានជោគជ័យ នៅក្នុងការបំពេញភារកិច្ចដ៏សំខាន់នេះ ដើម្បីរួមចំណែកពង្រឹងគុណភាព ធនធានមនុស្សកម្ពុជាឱ្យកាន់តែរឹងមាំ ៕

To Top