ព័ត៌មានជាតិ

ប្រមុខក្រសួងការពារជាតិ ចោទសួរថា តើក្រសួងការពារជាតិ លាក់ព័ត៌មានត្រង់ណា? ខណៈអ្នកនាំពាក្យផ្សាយមួយថ្ងៃ ២ដង

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចោទសួរថា តើក្រសួងការពារជាតិ លាក់ព័ត៌មានត្រង់ណា? ខណៈអ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់ មួយថ្ងៃ២ដង ដើម្បីសរុបហេតុការណ៍ដែលបានកើតឡើងតាមបណ្តាព្រំដែន។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានប្រាប់សាធារជនពិចារណា ថា អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់ មួយថ្ងៃ២ដង (ពេលព្រឹកម៉ោង៧ និងពេលល្ងាចម៉ោង៤) ដើម្បីសរុបហេតុការណ៍ ដែលបានកើតឡើងតាមបណ្តាព្រំដែន កិច្ចប្រជុំ ដំណើរការអនុវត្តបទឈប់បាញ់ ព្រមទាំងព័ត៌មានកងទ័ពផ្សេងៗទៀត ។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ក្នុងនោះមានអ្នកនាំភ្លើងមួយក្រុម បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម «ក្រសួងការពារជាតិ បានផ្សាយថាសភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន តែប្រជាជនបង្ហោះថាកំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន សាធារណជន «មិនដឹងត្រូវជឿខាងណា?»។

លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ក្រសួងការពារជាតិ ផ្សាយពីសភាពការណ៍ ពីម៉ោង១២:00យប់ ដល់ម៉ោង ៦នាទីព្រឹក មានស្ថានភាពស្ងប់ស្ងាត់។ ជាក់ស្តែងការប៉ះទង្គិច រវាងប្រជាជន និងយោធាថៃ ពាក់ព័ន្ធនឹងរឿងបន្លាលួស នៅវេលាម៉ោង ២:២០នាទីរសៀល ជាមួយគ្នានោះអាជ្ញាធរ ខេត្តបន្ទាយមានជ័យ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ឈរជើងចូលរួមដោះស្រាយ។ ថ្ងៃដដែលគ្នានោះ ផេកក្រសួងការពារជាតិ ក៏បានចេញផ្សាយភ្លាមចំនួចពីរដង។

ផ្ទាំងពាណិជ្ជកម្ម

លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមទៀតថា តើក្រសួងការពារជាតិលាក់ព័ត៌មានត្រង់ណា? បើសិនថតរូបភាព និងវិឌីអូកន្លែងកើតហេតុ ថតតែប្រជាជន យើងនឹងឃើញតែប្រជាជន តែបើថតមួយជ្រុងទៀត យើងនឹងឃើញទាំងអភិបាលខេត្ត និងអាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងនៅការពារព្រំដែន ទឹកដី និងការពារបងប្អូនប្រជាជនដែលកំពុងតវ៉ាលើទីតាំងដីរបស់ខ្លួន។

លោកឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ជូនបងប្អូនជនរួមជាតិ ឱ្យបានជ្រាបថា តាំងពីថ្ងៃទី២៨កក្កដា មកដល់ពេលនេះ កងកម្លាំងរបស់យើង បានរក្សាការពារប្រទេស ប្រកបដោយភាពអត់ធ្មត់ជាទីបំផុត ដើម្បីអនុវត្តបទឈប់បាញ់ ជៀសវាងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធម្តងទៀត ដែលនឹងនាំឳ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ ទាំងបាត់បង់សាច់ញាតិបងប្អូន ប្រជាជន និងកងកម្លាំងយើង។ តើបងប្អូនមានបានកត់សម្គាល់ដែរឬទេ? ថាកងកម្លាំងយើងមិនប្រដាប់អាវុធ នៅទីតាំងកើតហេតុ (ឃុំអូរបីជាន់)នោះទេ គឺយើងប្តេជ្ញាចិត្តអនុវត្តបទឈប់បាញ់ឳ្យមានប្រសិទ្ធិភាព។ សូមបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តកងកម្លាំងយើងនៅទីនោះ និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល។ យើងនៅសល់កិច្ចប្រជុំវិសាមញ្ញRBC រវាងយោធភូមិភាគទី៤ និងយោធភូមិភាគទី២(ថៃ) នៅថ្ងៃទី២៧ ខែសីហានេះ និងកិច្ចប្រជុំGBC នៅរាជធានីភ្នំពេញ នៅថ្ងៃទី៩-១០ ខែកញ្ញាខាងមុខនេះទៀត ។

សូមបញ្ជាក់ថា ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ គ្មានថ្នាក់ដឹកនាំណា ដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ។ ប្រជាជនខ្មែរ មានវិជ្ជាជីវៈ កុំនាំប្រទេសជាតិ ធ្លាក់ក្នុងថ្លុកសង្គ្រាម ដូចអតីតកាលទៀត៕

To Top