អ៊ីស្រាអែល វាយប្រហារមន្ទីរពេទ្យហ្គាហ្សា ២លេីកដោយសម្លាប់មនុស្សយ៉ាងតិច ២០នាក់ រួមទាំងក្រុមអ្នកកាសែត និងអ្នកជួយសង្គ្រោះ

ហ្គាហ្សា៖ អ៊ីស្រាអែល បានបេីកការវាយប្រហារ មន្ទីរពេទ្យសំខាន់មួយក្នុងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃចន្ទ ហើយបន្ទាប់មកបានវាយលុក កន្លែងនោះម្តងទៀត ខណៈដែលអ្នកកាសែត និងអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ ទៅកន្លែងកើតហេតុដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់និងរបួសជាច្រើននាក់ទៀត ។
វាស្ថិតក្នុងចំណោមការវាយប្រហារ ដ៏សាហាវបំផុតរបស់អ៊ីស្រាអែល ដែលបានវាយប្រហារទាំងមន្ទីរពេទ្យ និងអ្នកកាសែត ក្នុងអំឡុងពេល នៃសង្រ្គាមរយៈពេល ២២ខែ ។ ការវាយប្រហារនេះបានកើតឡើង នៅពេលដែលអ៊ីស្រាអែល គ្រោងនឹងពង្រីកការវាយលុករបស់ខ្លួន ទៅកាន់តំបន់ដែលមានប្រជាជនច្រើន ដោយប្តេជ្ញាថានឹងបំផ្លាញក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។
ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានអ្នកកាសែត៥នាក់ក្នុងនោះមានលោកស្រី Mariam Dagga អាយុ៣៣ឆ្នាំ ជាអ្នកកាសែតដែលធ្វើការឱ្យសារព័ត៌មាន The Associated Press ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានឧ្យដឹងថា អ្នកយកព័ត៌មានរបស់ខ្លួនម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដំបូង ខណៈដែលរូបគេបានធ្វើការ រាយការណ៍តាមទូរទស្សន៍នៅជាន់ខាងលើនៃមន្ទីរពេទ្យ’Nasser ទីក្រុងខាន់យូនីស។
អ្នកកាសែតផ្សេងទៀត រួមទាំង លោកស្រី Dagga និងអ្នកជួយសង្គ្រោះដែលពាក់អាវសង្គ្រោះបន្ទាន់ពណ៌ទឹកក្រូច បន្ទាប់មកបានរត់ឡើងជណ្តើរ ខាងក្រៅដើម្បីទៅដល់កន្លែង ប៉ុន្តែត្រូវរងការវាយប្រហារលើកទីពីរ។
វីដេអូដែលថតពីខាងក្រោមដោយប៉ុស្តិ៍ Al Ghad របស់អារ៉ាប់ បានបង្ហាញពីពេលវេលាចុងក្រោយរបស់ពួកគេ នៅពេលពួកគេឡើងជណ្តើរឆ្លងកាត់ជញ្ជាំង ដែលរងការខូចខាត បន្ទាប់មកមានការផ្ទុះឡើង និងផ្សែងហុយចេញពីកន្លែងវាយប្រហារ។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានហៅការវាយប្រហារនេះថាជា សោកនាដកម្មដ៏សោកសៅមួយ ហើយបានលេីកឡេីងថា យោធាកំពុងស៊ើបអង្កេត យ៉ាងណាមិញលោកមិនបានបញ្ជាក់លម្អិតពីលក្ខណៈនៃកំហុសនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
