ប្រមុខការពារជាតិ ៖ មានអ្នកនាំភ្លើងមួយក្រុម បំផ្លើសពីការផ្សាយព្រំដែនស្ងប់ស្ងាត់ តែពលរដ្ឋបង្ហោះថា កំពុងប៉ះទង្គិចជាមួយទ័ពថៃ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឆ្លើយតបចំពោះ មតិមួយចំនួនលើកឡើងថា អ្នកនាំពាក្យផ្សាយរឿងព្រំដែន ស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋបានបង្ហោះថា ទ័ពនិងប្រជាពលរដ្ឋខ្មែរកំពុងប៉ះទង្គិចជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយទាហានថៃរាយបន្លាលួសតែបរាជ័យ ។

ចំពោះករណីនេះ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា នារសៀលថ្ងៃ២៦ សីហានេះ បានស្រាយបំភ្លឺថា អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយ តាមការកំណត់ មួយថ្ងៃ២ដង គឺពេលព្រឹកម៉ោង៧ និងពេលល្ងាចម៉ោង៤ ដើម្បីសរុបហេតុការណ៍ ដែលបានកើតឡើងតាមបណ្តាព្រំដែន , កិច្ចប្រជុំ , ដំណើរការអនុវត្តបទឈប់បាញ់ ព្រមទាំងព័ត៌មានកងទ័ពផ្សេងៗទៀត ។
លោកបន្តថា ក្នុងនោះមានអ្នកនាំភ្លើងមួយក្រុម បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម «ក្រសួងការពារជាតិបានផ្សាយថាសភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន…… តែប្រជាជនបង្ហោះថាកំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន……. សាធារណជន «មិនដឹងត្រូវជឿខាងណា?» ។

សម្រាប់ករណីនេះ ឧបនាយករដ្ឋទៀ សីហា បានស្នើឲ្យពិនិត្យ និងពិចារណាគឺថា ក្រសួងការពារជាតិ ផ្សាយពីសភាពការណ៍ ពីម៉ោង១២យប់ ដល់ម៉ោង៦នាទីព្រឹក មានស្ថានភាពស្ងប់ស្ងាត់ ប៉ុន្តែជាក់ស្តែងការប៉ះទង្គិច រវាងប្រជាជន និងយោធាថៃ ពាក់ព័ន្ធនឹងរឿងបន្លាលួស នៅវេលាម៉ោង ២និង២០នាទីរសៀល ។ ជាមួយគ្នានោះ អាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ឈរជើងចូលរួមដោះស្រាយ។ ថ្ងៃដដែលគ្នានោះ ផេកក្រសួងការពារជាតិ ក៏បានចេញផ្សាយភ្លាមចំនួចពីរដងផងដែរ ។
រដ្ឋមន្រ្តីបានចោទជាសំណួរថា តើក្រសួងការពារជាតិលាក់ព័ត៌មានត្រង់ណា? បើសិនថតរូបភាព និងវិឌីអូកន្លែងកើតហេតុ ថតតែប្រជាជន នឹងឃើញតែប្រជាជន តែបើថតមួយជ្រុងទៀត នឹងឃើញទាំងអភិបាលខេត្ត និងអាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងនៅការពារព្រំដែន ទឹកដី និងការពារប្រជាជនដែលកំពុងតវ៉ាលើទីតាំងដីរបស់ខ្លួន។
ឧបនាយករដ្ឋមន្រ្តីបន្តទៀតថា តាំងពីថ្ងៃទី២៨កក្កដា មកដល់ពេលនេះ កងកម្លាំងកម្ពុជាបានរក្សាការពារប្រទេស ប្រកបដោយភាពអត់ធ្មត់ជាទីបំផុត ដើម្បីអនុវត្តបទឈប់បាញ់ ជៀសវាងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធម្តងទៀត ដែលនឹងនាំឲ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ ទាំងបាត់បង់សាច់ញាតិបងប្អូន ប្រជាជន និងកងកម្លាំង។

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា សង្កត់ធ្ងន់ថា ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ។ ប្រជាជនខ្មែរ មានវិជ្ជាជីវៈ កុំនាំប្រទេសជាតិ ធ្លាក់ក្នុងថ្លុកសង្គ្រាម ដូចអតីតកាលទៀត៕
