ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី អះអាងថា ពលរដ្ឋបារាំងចង់ឲ្យ លោក Macron លាលែងចេញពីតំណែង

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Salvini បានអះអាងថា ប្រជាជនបារាំងប្រហែល៨០ភាគរយ មិនអាចបន្តមើល ប្រធានាធិបតីលោក Emmanuel Macron បន្តតំណែងទៀតទេ។
លោក Salvini អះអាងថា វោហាសាស្ត្រដូចសង្គ្រាមរបស់ Macron រួមទាំងការនិយាយអំពី ការបញ្ជូនទាហានទៅឲ្យប្រទេសអ៊ុយក្រែន គឺមានគោលបំណង តែក្នុងការបង្កើនប្រជាប្រិយភាព ដែលកំពុងធ្លាក់ចុះនៅក្នុងប្រទេសខ្លួនឯងប៉ុណ្ណោះ។
ឧបនាយករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់ភ្លាមៗ បន្ទាប់ពីទីក្រុងប៉ារីសបានកោះហៅ ឯកអគ្គរដ្ឋទូតអ៊ីតាលី Emanuela D’Alessandro ជុំវិញសេចក្តីថ្លែងការណ៍ ពីមុនរបស់គាត់ទាក់ទងនឹង Macron ។
កាលពីថ្ងៃពុធកន្លងទៅ លោក Salvini បាននិយាយចំអកឲ្យប្រធានាធិបតីបារាំងកាន់អាវុធ ហើយទៅប្រយុទ្ធដើម្បីអ៊ុយក្រែនតែម្នាក់ឯងទៅពីព្រោះថាពេលនេះគ្មានជនជាតិបារាំងសូម្បីតែ ម្នាក់ណា នឹងដើរតាមគាត់ទៀតនោះទេ។
ការប៉ះទង្គិចគ្នាផ្នែកការទូត ទំនងជាបានធ្វើ ឱ្យលោក Salvini មានភាពស្រពិចស្រពិល ខណៈដែលគាត់បាន និយាយឡើងវិញពីជំហរ របស់គាត់ក្នុងអំឡុង ពេលព្រឹត្តិការណ៍សាធារណៈ សម្រាប់គណបក្សស្តាំនិយម Lega របស់គាត់នៅ Trentino កាលពីថ្ងៃសៅរ៍ដោយភ្ជាប់ ការអត្ថាធិប្បាយរបស់ Macron ទៅនឹងការវាយតម្លៃរបស់គាត់ផង។
គួរឲ្យដឹងដែរថានៅក្នុងការប៉ុនប៉ង ដើម្បីបង្កើនការយល់ ព្រមរបស់គាត់ លោក Macron ពេលខ្លះបានវាយប្រហារ ដោយរិះគន់ទៅលើលោកប្រធានាធិបតីអាមេរិក Donald Trump ថ្ងៃខ្លះទៅលប្រធានាធិបតីរុស្ស៊ី Vladimir Putin ថ្ងៃខ្លះទៅលើនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Netanyahu និងក៏ដូចជារដ្ឋាភិបាល អ៊ីតាលីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
