អូស្ត្រាលី បណ្ដេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ចេញពីប្រទេសបពីបទ វាយប្រហារប្រឆាំងសាសនា

ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានចោទប្រកាន់អ៊ីរ៉ង់ថា បានដឹកនាំការវាយប្រហារ ប្រឆាំងសាសនា នៅក្នុងប្រទេសអូស្ត្រាលី ហើយបានប្រកាសថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Ahmad Sadeghi ត្រូវបានប្រាប់ឱ្យចាកចេញពីប្រទេស។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីរសៀលថ្ងៃអង្គារ លោក Albanese បានឧ្យដឹងថា អង្គការស៊ើបការណ៍ សន្តិសុខអូស្ត្រាលី (ASIO) បានប្រមូលភស្តុតាង ដែលអាចជឿទុកចិត្តបានថា អ៊ីរ៉ង់បានដឹកនាំការវាយ ប្រហារយ៉ាងហោចណាស់ពីរប្រឆាំងនឹងសហគមន៍ជ្វីហ្វអូស្ត្រាលី នៅទីក្រុងស៊ីដនី និងមែលប៊ន ចាប់តាំងពីខែតុលា ឆ្នាំ២០២៣។
លោកបានលេីកឡេីងថា “អ៊ីរ៉ង់បានស្វែងរកការក្លែង បន្លំការចូលរួមរបស់ខ្លួន ប៉ុន្តែ ASIO វាយតម្លៃថាវានៅពី ក្រោយការវាយប្រហារនេះ”។
លោកបានបន្ដថា ស្ថានទូតអូស្ត្រាលី ប្រចាំនៅទីក្រុងតេអេរ៉ង់ បានផ្អាកប្រតិបត្តិការ ហើយមន្ត្រីការទូតទាំងអស់ របស់ខ្លួនមានសុវត្ថិភាពនៅក្នុងប្រទេសទីបី។
លោក Albanese បានបន្ដថា រដ្ឋាភិបាលអូស្ត្រាលីនឹងផ្លាស់ប្តូរ បញ្ជីឈ្មោះកងឆ្មាំបដិវត្តន៍ អ៊ីស្លាមរបស់អ៊ីរ៉ង់ជាអង្គការភេរវករ៕
ប្រែសម្រួល ឈូក បូរ៉ា
