លោក Trump បញ្ជាក់ប្រាប់សមភាគីកូរ៉េខាងត្បូងថា អាមេរិកចង់មានសិទ្ធកាន់កាប់ដីធ្លី ដែលជាទីតាំងសម្រាប់មូលដ្ឋាន យោធារបស់ខ្លួន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកចង់ឱ្យសហរដ្ឋអាមេរិក ទទួលបានកម្មសិទ្ធិលើដីដែលមានមូលដ្ឋានទ័ពរបស់ខ្លួន ស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ជំនួសឱ្យការជួលដីធ្លីទាំងនោះ។
ស្ថិតនៅក្នុងតុពិភាក្សា ជាមួយប្រធានាធិបតីថ្មី របស់កូរ៉េខាងត្បូង លោក Lee Jae-myung កាលពីថ្ងៃចន្ទ លោក Trump បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនបានវិនិយោគយ៉ាងច្រើន លើហេដ្ឋារចនាសម្ព័ន្ធ នៅលើឧបទ្វីបកូរ៉េ និងរក្សា ទាហានជាង៤០០០០ នាក់ នៅទីនោះ ប៉ុន្តែដីក្រោមកន្លែងទាំងនោះនៅតែត្រូវ បានជួលពីទីក្រុងសេអ៊ូលនៅឡើយ។
លោកបានមានប្រសាសន៍ថា៖ប្រហែលជារឿងមួយដែលខ្ញុំចង់ធ្វើគឺសុំឲ្យពួកគេផ្តល់កម្មសិទ្ធិដល់យើងនូវការកាន់កាប់ដីធ្លីដែលយើងកំពុងមានមូលដ្ឋានទ័ពនៅទីនោះ។ ខ្ញុំចង់មើលថា តើយើងអាចលុបចោលកុងត្រានៃការជួល និងទទួលបានកម្មសិទ្ធិលើដីដែលយើងមានមូលដ្ឋានយោធាយ៉ាងធំដែរឬយ៉ាងណា។
ទោះបីជាយ់ាងណាក្តី លោកTrump មិនបានបញ្ជាក់ថា តើបន្ទាយយោធាណាដែលគាត់ចង់បានទេ។ បច្ចុប្បន្នមូលដ្ឋានទ័ព ដ៏ធំបំផុត របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូងគឺ Camp Humphreys ត្រូវបានបញ្ចប់ការសាងសង់ នៅឆ្នាំ២០១៨ បន្ទាប់ពីគម្រោងផ្លាស់ប្តូរទីតាំង អស់រយៈពេលមួយទសវត្សរ៍ និងការផ្តល់មូលនិធិរាប់ពាន់លាន ដុល្លារពីរដ្ឋាភិបាលទាំងពីរ ។
បច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងប្រតិបត្តិការមូលដ្ឋាន នៅក្រៅប្រទេសរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងជួលរយៈពេលវែង និងសន្ធិសញ្ញាស្តីពីស្ថានភាពកងកម្លាំង ដែលផ្តល់ការគ្រប់គ្រង ប្រតិបត្តិការរបស់ទីក្រុងវ៉ាស៊ីនតោន ខណៈពេលដែលរក្សា បាននូវអធិបតេយ្យភាព របស់តុលាការសម្រាប់ប្រទេសម្ចាស់ផ្ទះ ៕
ប្រែសម្រួល៖ស៊ុនលី
