ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំងរយៈពេល ១០ម៉ោង បង្កឡើងដោយព្យុះទីហ្វុង Kajiki បានធ្វើឱ្យលិចផ្សារ និងផ្ទះសម្បែង ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម

VN Express
" "

បរទេស៖ អស់រយៈពេល ១០ ម៉ោង កាលពីថ្ងៃអង្គារ ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើង ដោយព្យុះទីហ្វុង Kajiki បានធ្វើឱ្យជន់លិចផ្សារ និងផ្ទះសម្បែង យានយន្តជាប់គាំង និងស្ទះចរាចរណ៍នៅទូទាំង ទីក្រុងហាណូយ ប្រទេសវៀតណាម ដែលរំខានដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅម៉ោង ៥ ល្ងាច កាលពីថ្ងៃអង្គារ ផ្លូវ Vo Chi Cong ដែលជាសរសៃឈាមតភ្ជាប់កណ្តាលទីក្រុងហាណូយ ទៅកាន់អាកាសយានដ្ឋាន Noi Bai នៅតែជន់លិចយ៉ាងខ្លាំង។ រថយន្តជាច្រើនបានជាប់គាំង និងអូសឡានទៅចិញ្ចើមផ្លូវ ហើយអាជ្ញាធរកំពុងរឹតបន្តឹងចរាចរណ៍ឆ្លងកាត់តំបន់នោះ។

" "

គិតត្រឹមម៉ោង 2 រសៀល ក្រុមហ៊ុនបង្ហូរទឹកហាណូយបានកត់ត្រាទីតាំងលិចទឹកចំនួន ៣៥ នៅសង្កាត់កណ្តាលក្រុងរបស់វៀតណាម ដែលបង្កការកកស្ទះ និងរំខានចរាចរណ៍។

" "

ព្យុះទីហ្វុង Kajiki បានវាយប្រហារភាគកណ្តាលប្រទេសវៀតណាមកាលពីរសៀលថ្ងៃច័ន្ទ ហើយបានចុះខ្សោយទៅជាត្រូពិចនៅព្រឹកថ្ងៃអង្គារ ដោយបានបញ្ចេញនូវភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមផ្លូវ៕
ប្រែសម្រួលៈ ណៃ តុលា

To Top