៩ថ្ងៃនៃយុទ្ធនាការ ក្រសួងការងារ បានចុះតាមរោងចក្រជាង១៥០០ ដើម្បីជំរុញការផ្តល់ឱកាសការងារ និងផ្តល់ភាពកក់ក្តៅ ជូនពលករ ដែលទើបត្រឡប់មកពីថៃ

ភ្នំពេញ ៖ ក្នុងយុទ្ធនាការរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះទៅកាន់រោងចក្រ សហគ្រាស ចំនួន១៥៣០ ដែលមានកម្មករប្រមាណជាង ៩៨ម៉ឺននាក់ នៅទូទាំងប្រទស ដើម្បីជំរុញការផ្តល់ឱកាសការងារ និងផ្តល់ភាពកក់ក្តៅទៅដល់បងប្អូនពលករខ្មែរ ដែលទើបទទួលបានការងារ ក្រោយការវិលមកពីប្រទេសថៃវិញ។ ការដាក់ចេញយុទ្ធនាការនេះ គឺធ្វើឡើងក្រោយពេល ដែលពលករខ្មែរប្រមាណ៩២ម៉ឺននាក់ បានវិលមកស្រុកកំណើតវិញ ក្រោយពេលដែលកម្ពុជា និងថៃមានជម្លោះព្រំដែនជាមួយគ្នា ដែលភាគីថៃជាអ្នកចាប់ផ្តើម ។

បន្ថែមពីនេះ ក្នុងយុទ្ធនាការទៅតាមរោងចក្រសហគ្រាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងការងារ ក៏បានជួបជាមួយរោងចក្រ សហគ្រាស ក្រុមហ៊ុន និងសហជីព ប្រតិភូបុគ្គលិកផងដែរ ហើយបានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបងប្អូនពលករ ព្រមទាំងផ្តល់កិច្ចសហការ សម្របសម្រួលដោយយកចិត្តទុកដាក់ និងទន់ភ្លន់។

ជាមួយគ្នានេះ តំណាងភាគីសហគ្រាស ក្រុមហ៊ុន និង រោងចក្រ ក៏បានបង្ហាញអារម្មណ៍ត្រេកអរ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ព្រមទាំងក្រសួង ក្នុងការជួយស្វែងរកការងារឱ្យពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ហើយបានប្តេជ្ញាចិត្តចូលរួមបំពេញ បេសកកម្មនេះឱ្យសម្រេចជោគជ័យផងដែរ។

ដោយឡែក ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដែលទើបទទួលបានការងារ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ព្រមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ និង ជួយរកការងារឱ្យពួកគាត់។ បើតាមការបញ្ជាក់ដដែល ការបំពេញការងារនៅក្នុង ស្រុកទទួលបានអត្ថប្រយោជន៍ យ៉ាងច្រើន មានភាពងាយស្រួល កក់ក្តៅក្នុងចិត្ត និងរស់នៅជិតក្រុមគ្រួសារ ដោយមិនចាំបាច់ចំណាយ ថវិកាលើការធ្វើលិខិតឆ្លងដែន និងចំណាយផ្សេងៗ។

លើសពីនេះ ក៏ក្រុមការងារក្រសួងបានបន្តជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហការផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្មមកក្រសួងរៀងរាល់ ២សប្តាហ៍ម្តង និង ការចូលរួមវេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom ដែលក្រសួងរៀបចំ ក្នុងករណីមានតម្រូវការជ្រើសរើសបុគ្គលិក។

ការចុះសំណេះសំណាលនេះ នឹងបន្តធ្វើរហូតដល់គ្រប់គោលដៅ ទូទាំងប្រទេស ដើម្បីក្តាប់បានស្ថានភាពតម្រូវការកម្លាំងពលកម្ម និងដឹងពីស្ថានភាព ជាក់ស្តែង នៃការជ្រើសរើសពលករត្រឡប់មកពីប្រទេសថៃ ឱ្យចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ៕




