ប៉ូលិសអូស្ត្រាលី កំពុងតាមប្រមាញ់ខ្មាន់កាំភ្លើង ដែលបានបាញ់ សម្លាប់ប៉ូលីស២នាក់ និងបាញ់ប៉ូលីសម្នាក់ទៀតរបួស

បរទេស៖ ប៉ូលិសអូស្ត្រាលី នៅថ្ងៃពុធបានកំណត់អត្តសញ្ញាណជន សង្ស័យម្នាក់ដែលបានបាញ់សម្លាប់មន្ត្រីប៉ូលិសពីរនាក់ និងធ្វើឱ្យម្នាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលការស្វែងរកអ្នកបាញ់ប្រហារ បានឈានចូលថ្ងៃទី ២ នៅតំបន់ជនបទដាច់ស្រយាល ដ៏ធំមួយនៅភាគអាគ្នេយ៍ របស់ប្រទេស។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ជនសង្ស័យជាអ្នកបាញ់សម្លាប់ប៉ូលីសនោះ ឈ្មោះ Dezi Freeman អាយុ ៥៦ ឆ្នាំ មានអាវុធធុនធ្ងន់ និងមានបទពិសោធន៍ក្នុងជំនាញការរស់រានមានជីវិតនៅទីរហោស្ថាន , នេះបើតាមអគ្គស្នងការប៉ូលីស Victoria លោក Mike Bush បានប្រាប់អ្នកយកព័ត៌មាន។ ចំណែកប្រជាជនត្រូវបានជំរុញឱ្យស្នាក់នៅក្នុងផ្ទះ។
ការបាញ់ប្រហារបានកើតឡើង កាលពីថ្ងៃអង្គារ នៅពេលដែលមន្ត្រីប៉ូលិសប្រដាប់អាវុធចំនួន ១០ នាក់បានព្យាយាមអនុវត្តដីកាស្វែងរកនៅឯទីតាំងរបស់ Freeman ក្នុងទីក្រុង Porepunkah ដែលជាទីក្រុងដែលមានមនុស្សត្រឹមតែជាង ១.០០០ នាក់ ដែលស្ថិតនៅចម្ងាយ ៣២០ គីឡូម៉ែត្រ (២០០ ម៉ាយ) ភាគឦសាននៃទីក្រុងមែលប៊ន ។
លោក Mike Bush បាននិយាយថា ជនសង្ស័យ Freeman បានសម្លាប់អ្នកស៊ើបអង្កេតអាយុ ៥៩ ឆ្នាំម្នាក់ និងមន្ត្រីជាន់ខ្ពស់អាយុ ៣៥ ឆ្នាំម្នាក់។ អ្នកស៊ើបអង្កេតម្នាក់ទៀតត្រូវបានគេបាញ់ ប៉ុន្តែរបួសរបស់គាត់មិនគំរាមកំហែងដល់អាយុជីវិតទេ៕
ប្រែសម្រួលៈ ណៃ តុលា
