អេហ្ស៊ីប និងអេស្បាញ ព្រមានពីផលប៉ះពាល់ នៃប្រតិបត្តិការយោធា របស់អ៊ីស្រាអែលនៅប៉ាឡេស្ទីន

គែរ៖ ប្រទេសអេហ្ស៊ីប និងអេស្បាញ បានព្រមានកាលពីថ្ងៃអង្គារ អំពីហានិភ័យធ្ងន់ធ្ងរនៃការកើនឡើងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលខ្លួនកាន់កាប់។
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty និងសមភាគីអេស្ប៉ាញ លោក Jose Manuel Albares បានព្រមានថា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប បានធ្លាក់ចុះដល់កម្រិតមួយ ដែលមិនធ្លាប់មានពីមុនមក។
អ្នកការទូតកំពូលរបស់អេហ្ស៊ីបបានឧ្យដឹងថា “ឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយអ៊ីស្រាអែល” បានឆ្លងកាត់ព្រំដែនទាំងអស់ ហើយបានអំពាវនាវឱ្យសហភាពអឺរ៉ុប ចាត់វិធានការជាក់លាក់ និងមានប្រសិទ្ធភាព ដើម្បីបង្ខំអ៊ីស្រាអែលឱ្យប្រកាន់ខ្ជាប់នូវច្បាប់ និងបទដ្ឋានអន្តរជាតិ។
លោកក៏បានគូសបញ្ជាក់ពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានស្នើឡើងនៅតំបន់ហ្គាហ្សា ដែលរួមមានបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានការចរចាលើដំណោះស្រាយដ៏ទូលំទូលាយនៃសង្គ្រាម ការដោះលែងចំណាប់ខ្មាំង និងអ្នកទោសមួយចំនួន និងការផ្ដល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះ៕
ប្រែសម្រួល ឈូក បូរ៉ា
