ព័ត៌មានអន្តរជាតិ

ស្លូវ៉ាគី​ ​ជំរុញ​អ៊ុយក្រែន​ ​ឱ្យ​ឈប់​វាយ​ប្រហារ ​ហេដ្ឋារចនាសម្ព័ន្ធ ​ថាមពល​សំខាន់ៗ

AFP

បរទេស៖​ រដ្ឋមន្ត្រីការបរទេសស្លូវ៉ាគីលោក Juraj Blanar បានជំរុញឱ្យអ៊ុយក្រែន ជៀសវាងការវាយប្រហារលើបំពង់បង្ហូរប្រេង Druzhba ដោយថាការវាយប្រហារ បែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់ទាំងស្លូវ៉ាគី​ និងអ៊ុយក្រែន។

លោក Blanar បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលការសន្ទនា តាមទូរស័ព្ទជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន រួមទាំងការហៅទូរស័ព្ទ កាលពីថ្ងៃអាទិត្យជាមួយសមភាគី អ៊ុយក្រែនលោក Andrii Sybiha និងកាលពីថ្ងៃចន្ទជាមួយលោក Taras Kachka ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន​ សម្រាប់ការធ្វើសមាហរណកម្មអឺរ៉ុប និងអឺរុបអាត្លង់ទិក នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាននៃសាធារណរដ្ឋស្លូវ៉ាគី។

លោក Blanar បានជូនដំណឹងដល់ពួកគេអំពីលិខិតរួមមួយ​ ដែលបានផ្ញើទៅគណៈកម្មការអឺរ៉ុបដោយស្លូវ៉ាគី និងហុងគ្រី ដែលបានអំពាវនាវឱ្យគណៈកម្មការអឺរ៉ុប​ ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តទាក់ទងនឹងសន្តិសុខផ្គត់ផ្គង់ថាមពលនៃប្រទេសសមាជិកសហភាពអឺរ៉ុប។

ផ្ទាំងពាណិជ្ជកម្ម

លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា មន្ត្រីអ៊ុយក្រែនទាំងពីរបានធានាគាត់ពីការពិភាក្សាលើវិធីសាស្រ្តស្ថាបនា ហើយបានថ្លែងអំណរគុណដល់ស្លូវ៉ាគីសម្រាប់ជំនួយ​ ដែលបានផ្តល់ចាប់តាំងពីជម្លោះយោធាបានផ្ទុះឡើងរវាងអ៊ុយក្រែន និងរុស្ស៊ី។

កាលពីថ្ងៃទី១៨ ខែសីហា អ៊ុយក្រែន​ បានអះអាងថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារមួយយប់លើស្ថានីយ៍បូមប្រេង Nikolskoe ក្នុងតំបន់ Tambov របស់រុស្ស៊ី។ ការវាយប្រហារនេះបានបណ្តាលឱ្យមានការផ្អាកការដឹកជញ្ជូនប្រេងឆៅតាមរយៈបំពង់បង្ហូរប្រេង Druzhba ទៅកាន់ប្រទេសស្លូវ៉ាគី។

នៅក្នុងការបង្ហោះនៅលេីបណ្ដាញ Facebook កាលពីថ្ងៃទី២២​ ខែសីហា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បានបរិហារការវាយប្រហារថាជា “ការវាយប្រហារដោយផ្ទាល់ទៅលើសន្តិសុខថាមពលរបស់ប្រទេស” និង “ជាការប៉ុនប៉ងអូសទាញហុងគ្រី​ ចូលទៅក្នុងសង្រ្គាម” ដោយបន្ថែមថា​ ហុងគ្រី​ នឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាពដោយអស់ពីកម្លាំង ខណៈដែលការពារផលប្រយោជន៍ជាតិរបស់ខ្លួន៕
ប្រែសម្រួល​ ឈូក​ បូរា

To Top