ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន លើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុប ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ព្រោះថា «អ្នកចេះ គឺជាប់»

ប៉ៃលិន ៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកទឹកចិត្តដល់បេក្ខជន ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ព្រោះថា «អ្នកចេះ គឺជាប់»។

ការលើកទឹកចិត្តរបស់លោកស្រី បាន ស្រីមុំ នាឱកាស អញ្ជើញបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៤-២០២៥ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្ត ប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោមសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ លោកស្រី អភិបាលខេត្ត បានមានប្រសាសន៍លើកទឹកចិត្ត ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឱ្យបាន ខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិនិងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ហើយការប្រឡងឆ្នាំនេះ ក៍មិនខុសពីឆ្នាំមុនៗដែរនីតិវិធីនៃការ រៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោល «អ្នកចេះគឺជាប់»។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី អភិបាលខេត្ត ក៏បានបង្ហាញហឹបវិញ្ញាសារ ជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារនៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរព តាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងបានផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ រយៈពេល ០២ថ្ងៃនេះ និងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យ ក្នុងការប្រឡងដែលសាកសមជាទំពាំងស្នងឫស្សី នឹងក្លាយជាសសរទ្រូងប្រទេសជាតិនាថ្ងៃអនាគត់។

សូមបញ្ជាក់ថា បេក្ខជន បេក្ខនារី ត្រូវបានដឹកជញ្ជូនទៅមណ្ឌលប្រឡងដោយរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ប៉ៃលិន ព្រមទាំងការផ្ដល់កន្លែងស្នាក់នៅអំឡុងពេលប្រឡងដោយឥតគិតថ្លៃ៕

To Top