ព័ត៌មានជាតិ

ព្រឹកថ្ងៃទី១នេះ មានបេក្ខជន​ ប្រឡងបាក់ឌុប អវត្តមានចំនួន ១ ៧៨៨នាក់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១ នៃថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ មានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អវត្តមានចំនួន១ ៧៨៨នាក់ ស្មើនឹង១,២២ភាគរយ។

តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងអប់រំ បានឱ្យដឹងថា ក្នុងដំណើរការ សំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា(សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

ក្រសួង បញ្ជាក់ថា «នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ៧៨៨នាក់ (ស្រី៧០៦នាក់) ស្មើនឹង១,២២ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៤៦៣នាក់ (ស្រី៥៥៧នាក់) បេក្ខជនចំណេះទូទៅចំនួន៣២៥នាក់ (ស្រី១៤៩នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព ៤០នាក់ ក្នុងនោះបេក្ខជនដែលប្រឡងបន្តមានចំនួន៣៨នាក់ បោះបង់ការប្រឡង ចំនួន២នាក់ បេក្ខជនប្រឡង ដាច់ដោយឡែក១២នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៩នាក់ និងគ្រោះថ្នាក់ ចរាចរណ៍៤នាក់ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព២១នាក់ ។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡង ក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល»។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ សូមជម្រាបថា នៅខេត្តសៀមរាបមានករណីដកទូរសព្ទពីបេក្ខជនចំនួន១ករណី។

ក្រសួង បន្ដថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូល រួមសហការណ៍ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

សូមបញ្ជាក់ថា ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ ។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ក្នុងមួយបន្ទប់ ទៅតាមមណ្ឌល សំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់៕

To Top