ព័ត៌មានជាតិ

លោក ហង់ ជួន ណារ៉ុន ៖ បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ នឹងទទួលបាននិទ្ទេស A មិនទាបជាងឆ្នាំមុនទេ

ភ្នំពេញ ៖ លោក ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡាបានបង្ហាញក្តីសង្ឃឹមថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៥នេះ នឹងទទួលបាននិទ្ទេស A មិនទាបជាងឆ្នាំ២០២៤នោះទេ ខណៈកាលពីឆ្នាំមុនបេក្ខជន ទទួលនិទ្ទេសA ចំនួន២២២៥រូប ។
ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ការបើកវិញ្ញាសា ការប្រឡងបាក់ឌុប នៅព្រឹកថ្ងៃ២៨សីហានេះ បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បង្ហាញជំនឿចិត្តយ៉ាងមុតមាំថា បេក្ខជនជាង១០ម៉ឺននាក់ ដែលបានដាក់ពាក្យប្រឡងបាក់ឌុបឆ្នាំ២០២៥នេះ នឹងទទួលបាននិទ្ទេសA មិនចាញ់បេក្ខជនពីឆ្នាំ២០២៤នោះទេ ។

តាមរយៈនេះ រដ្ឋមន្រ្តីក្រសួងអប់រំសង្កត់ ធ្ងន់ថា “ខ្ញុំមានជំនឿជឿជាក់ថា សិស្សានុសិស្ស យើងបានខិតខំក្នុង រយៈពេល១០ឆ្នាំមកហើយ ដែលគាត់ខំប្រឹង ។ ចឹងចំនួនសិស្សនិទ្ទេស A គឺនឹងប្រហាក់ប្រហែលឬក៏លើសពីឆ្នាំទៅ ខ្ញុំមិនហានសន្និដ្ឋានទេ ប៉ុន្តែខ្ញុំជឿជាក់ថា មិនទាបជាងឆ្នាំទៅទេ ២២២៥រូប ។ ប៉ុន្តែបើយើងមើលនិទ្ទេស A B C ជាមធ្យមមានចំនួន៣០ភាគរយ ដែលជាចំនួនមួយបង្ហាញពីគុណភាព” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបញ្ជាក់ថា ដូច្នេះបេក្ខជន ទទួលបាននិទ្ទេស A B C ជាសិស្សដែលមានគុណភាព ជាពិសេសបេក្ខជន ខាងថ្នាក់វិទ្យាសាស្ត្រមានចំនួនច្រើន លើសលុបបានទទួលនិទ្ទេស A ៕

To Top