ថ្នាក់ដឹកនាំបក្សមីយ៉ាន់ម៉ា ចាត់ទុកសម្ដេចធិបតី ជាអ្នកដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍

ភ្នំពេញ៖ លោក U Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ដែលជាថ្នាក់ដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងជាពិសេសមានបទពិសោធន៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យ លោក U Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនេះ លោក U Khin Yi បានសម្ដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ដែលជាថ្នាក់ ដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងជាពិសេសមានបទពិសោធន៍ច្រើន ខាងវិស័យកងទ័ព។

ក្នុងនោះ លោកបានបន្ថែមទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា និង គណបក្សប្រជាជនកម្ពុជា ដោយផ្ដោតទៅលើការភ្ជាប់ទំនាក់ទំនងទៅលើយុវជន ស្ត្រី និងកិច្ចសហប្រតិបត្តិការ លើការងារបណ្ដាញផ្សព្វផ្សាយ។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ លោក U Khin Yi និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានសម្ដែងនូវការរីករាយចំពោះវឌ្ឍនភាព នៃទំនាក់ទំនងរវាងគណបក្សទាំងពីរ។

សម្ដេចធិបតី ក៏បានជំរុញ លើកទឹកចិត្ត និងគាំទ្រ ចំពោះការបន្តពង្រឹងទំនាក់ទំនងរវាង រដ្ឋនិងរដ្ឋ ក៏ដូចជាបក្ស និងបក្ស ពិសេសក្នុងក្របខ័ណ្ឌយុវជន នៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត ៕


