ចិនបង្ហាញជាសាធារណៈ ដ៏កម្រនូវឈ្មោះមេដឹកនាំ ក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិចថា នឹងចូលរួមពិធីព្យុហយាត្រាយោធា ដ៏ធំនៅទីក្រុងប៉េកាំង នៅសប្តាហ៍ក្រោយ

បរទេស ៖ ក្រសួងការបរទេស របស់ប្រទេសចិន បាននិយាយ នៅថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីការបង្ហាញជាសាធារណៈ ដ៏កម្រដោយមេដឹកនាំ ក្រោមការដាក់ទណ្ឌកម្ម របស់លោកខាងលិចថា អ៊ីរ៉ង់នឹងចូលរួម ជាមួយរុស្ស៊ី និងកូរ៉េខាងជើង នៅឯពិធីព្យុហយាត្រា យោធាដ៏សំខាន់មួយនៅទីក្រុងប៉េកាំង នៅសប្តាហ៍ក្រោយនេះ ។
យោងតាមគេហទំព័រ Iran International ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងឈរជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងអំឡុងពេលព្រឹត្តិការណ៍ថ្ងៃទី ៣ ខែកញ្ញា ដែលជាខួបនៃការចុះចាញ់ របស់ជប៉ុន ក្នុងសង្គ្រាមលោកលើកទីពីរ ។
ក្រសួងការបរទេសរបស់ប្រទេសចិន បានបន្តថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ក៏នឹងចូលរួមផងដែរ។
ប្រទេសចិនបាននិយាយថា ប្រមុខរដ្ឋ និងរដ្ឋាភិបាលចំនួន ២៦ នឹងចូលរួមនៅក្នុងក្បួនដង្ហែ រួមទាំងមេដឹកនាំមកពីប្រទេសបេឡារុស្ស ស៊ែប៊ី ឥណ្ឌូនេស៊ី និងស្លូវ៉ាគី។ យោងតាមក្រសួងបានឱ្យដឹងទៀតថា មេដឹកនាំសហភាពអឺរ៉ុបតែមួយគត់ដែលនឹងចូលរួមគឺលោក Robert Fico នាយករដ្ឋមន្រ្តីស្លូវ៉ាគី។
ក្បួនដង្ហែព្យុហយាត្រានឹងបង្ហាញកងទ័ពចិនរាប់ម៉ឺននាក់ និងប្រព័ន្ធសព្វាវុធទំនើបដាក់តាំងបង្ហាញនៅទីលាន ធានអានមិន រួមទាំងកាំជ្រួចល្បឿនលឿន យន្តហោះចម្បាំង និងវេទិកាការពារដែនអាកាស៕
ប្រែសម្រួលៈ ណៃ តុលា
