ព័ត៌មានជាតិ

ក្មេងទំនើង ៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សា និងប្លន់ម៉ូតូពីជនរងគ្រោះ

ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ២និង០០នាទី រំលងអធ្រាត្រ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ មានជនសង្ស័យ ១ក្រុម មានគ្នាប្រមាណ ៦០-៧០នាក់ មធ្យោបាយម៉ូតូប្រមាណ ៥០គ្រឿង ប្រដាប់ដោយ ដំបងដែកទីប ដងឆ័ត្រ ដំបងឫស្សី កាំបិតប៉័ងតោ និងដុំថ្ម ធ្វើសកម្មភាពកាប់ វាយ និងគប់ លួចយកម៉ូតូ ចំនួន ១គ្រឿង ម៉ាក Nex ពណ៌ស ឆ្នាំផលិត២០១៧ ស្លាកលេខ ភ្នំពេញ 1GG-9108 ពីជនរងគ្រោះ និងមិត្តភក្តិ មានគ្នា៦នាក់ ដែលកំពុងអង្គុយនៅតូបលក់អីវ៉ាន់នៅចំណុច ផ្លូវឈ្នះៗ ខាងកើត វិមានឈ្នះៗ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្នុងហេតុការណ៍ខាងលើនេះ បានបណ្ដាលឱ្យអ្នកខ្លះរងរបួស និងខូចខាតម៉ូតូមួយចំនួន រួចក៏នាំគ្នាជិះគេចខ្លួនបាត់តែម្តង។ ទន្ទឹមនឹងនោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រចាំការការពារនៅវិមានឈ្នះៗ បានធ្វើអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួន​ បានជនសង្ស័យម្នាក់ ឈ្មោះ លឹម ហេងលាភ ភេទប្រុស ប្រគល់ជូនកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ក្រោយពេលសាកសួរជនសង្ស័យឈ្មោះ លឹម ហេងលាភ រួចមក កម្លាំងជំនាញអាវុធហត្ថខណ្ឌជ្រោយចង្វារ បានសហការជាមួយកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បន្តការស្រាវជ្រាវរហូតកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាបក្ខពួកម្នាក់ទៀតឈ្មោះ ឈ្មោះ ផេង វិច្ឆិកា ភេទប្រុស នៅចំណុច បន្ទប់ជួលលេខ៣០ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១២ និង ២០ នាទី និងបានបន្តពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងជំនាញកម្លាំងជំនាញអាវុធហត្ថ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ភេទប្រុស ចំនួន ០២នាក់ទៀត ឈ្មោះ សល់ សុវណ្ណ និងឈ្មោះ ចំរើន បញ្ញា នៅចំណុចផ្លូវលំ ភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ផ្ទាំងពាណិជ្ជកម្ម

រហូតដល់វេលាម៉ោងប្រមាណ ១៧ និង ៣០ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចជំនាញបន្តសហការ ជាមួយនិងកម្លាំងជំនាញអាវុធហត្ថ ខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ឈ្មោះ ហ៊ុល វណ្ណៈសុផា ហៅ ង៉ោល ភេទប្រុស នៅចំណុច ផ្លូវ១០៣កែង១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បញ្ជូនមក ការិយាល័យជំនាញកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1JX-8982, បំពង់ទីប ០១ដើម, ដុំថ្ម០៥ដុំ រួមនឹងសម្ភារៈមួយចំនួនទៀត ។

ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង០៥នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួន និងបក្ខពួកជាច្រើននាក់ទៀត ដែលកំពុងរត់គេចខ្លួន ពិតជាបានធ្វើសកម្មភាពយកដំបងដែកទីប ដងឆ័ត្រ ដំបងឫស្សី កាំបិតប៉័ងតោ និងដុំថ្ម ធ្វើសកម្មភាពវាយ គប់ លួចយកម៉ូតូ០១គ្រឿង របស់ជនរងគ្រោះ ពិតប្រាកដមែន។

ជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

To Top