បរទេស ៖ មន្ត្រីអាមេរិកជាន់ខ្ពស់នានា បាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិក មិនគាំទ្រប្រតិបត្តិការ វាយលុករបស់មេដឹកនាំយោធា មានមូលដ្ឋាន នៅប្រទេសលីប៊ី ភាគខាងកើត គឺលោក Khalifa Haftar ឲ្យប្រឆាំងនឹងទីក្រុង ទ្រីប៉ូលីនោះ ហើយនិងជឿជាក់ថា ប្រទេសរុស្ស៊ីកំពុងតែធ្វើការងារជាមួយប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ ដើម្បីបញ្ជូនកងកម្លាំងជីវពលនិងសម្ភារៈទៅកាន់ប្រទេសលីប៊ី ។
លោក Henry Wooster ជាជំនួយការអនុរដ្ឋលេខាធិការ នៃការិយាល័យទទួលបន្ទុកិច្ចការភាគខាងកើត របស់ក្រសួងការបរទេសអាមេរិក បានមានប្រសាសន៍ក្នុងសន្និសីទមួយ ដោយសំដៅដល់កងទ័ពជាតិលីប៊ី របស់លោក Haftar ថា “សហរដ្ឋអាមេរិកមិនគាំទ្រ សកម្មភាពយោធា LNA ប្រឆាំងនឹងទីក្រុងទ្រីប៉ូលីទេ ហើយការវាយប្រហារទៅលើរដ្ឋធានីនេះ បង្វែរធន់ធានពីអ្វី ដែលជាអាទិភាពសម្រាប់យើង ដែលជាការប្រឆាំងនឹងអំពើភេរវកម្ម” ។
គួរបញ្ជាក់ថា លោក Haftar បានចាប់ផ្តើមបញ្ឆេះសង្គ្រាម តាំងពីមួយឆ្នាំកន្លងទៅ ដើម្បីដណ្ដើមយករដ្ឋធានីទ្រីប៉ូលី និងផ្នែកផ្សេងទៀត នៃប្រទេសលីប៊ីភាគពាយព្យ ហើយលោកទទួលបានការគាំទ្រ ពីសហភាពអារ៉ាប់រួម អេហ្ស៊ីប និងរុស្ស៊ី ចំណែករដ្ឋាភិបាលគាំទ្រដោយតួកគី ៕
ប្រែសម្រួល៖ប៉ាង កុង