ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ កម្ពុជា ជាប្រទេសតូច ប្រជាជនតិច តែទទួលបានការគាំទ្រ និងកោតសរសើរច្រើន ក្នុងពិភពលោក

" "

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជា គឺជាប្រទេសតូច មានប្រជាជនតិច តែសំឡេងជាធ្លុងមួយ និងប្រកបដោយការ ទទួលខុសត្រូវរបស់កម្ពុជា ទទួលបានការគាំទ្រ និងកោតសរសើរពីបណ្តាប្រទេសជាច្រើន នៅក្នុងពិភពលោក ។

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៉ែន បូណា បានថ្លែងឱ្យដឹងថា រហូតមកទល់ពេលនេះ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥ កម្ពុជានៅតែផ្តល់តម្លៃយ៉ាងខ្ព់សដល់កិច្ចព្រមព្រៀងឈប់បាញ់និងគោរពកិច្ចព្រមព្រៀងនេះបានយ៉ាងល្អដដែល ហើយកិច្ចព្រមព្រៀង ឈប់បាញ់ ក៏កំពុងតែស្ថិតនៅជាធរមាន និងបន្តផ្តល់ប្រយោជន៍ យ៉ាងច្រើនដល់ប្រទេស និងប្រជាជនទាំងពីរ(កម្ពុជាថៃ) ក៏ដូចជាបានរួមចំណែកយ៉ាង សំខាន់ដល់ការថែរក្សាសន្តិសុខនៅក្នុងតំបន់ទាំងមូល។

" "

លោក បន្ដថា តាមរយៈការអនុវត្តបទឈប់បាញ់ ដោយសុច្ចរិត ស្មោះត្រង់ និងក្រោមស្មារតីស្រឡាញ់ សន្តិភាពនិងគោរពច្បាប់អន្តរជាតិ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេស្គាល់និង កោតសរសើរ កាន់តែច្រើនឡើងជា លំដាប់នៅលើឆាកអន្តរជាតិ ។ ប្រទេសដ៏តូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ទទួលបានការចាប់អារម្មណ៍ ពីបណ្តាប្រទេសនានា នៅក្នុងពិភពលោក តាមរយៈសកម្មភាពការទូតយ៉ាងសកម្ម និងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំកំពូលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តោតការ យកចិត្តទុក ដាក់យ៉ាងខ្លាំង ចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ នាពេលនេះនិងបានពាំនាំយករឿងរ៉ាវពិត ទាំងឡាយពីកម្ពុជា ទៅកាន់ពិភពលោកយ៉ាងឆាប់រហ័ស»។

" "

បន្ថែមពីលើនេះ ការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងព្រះសង្ឃផង ដែលបានធ្វើសកម្មភាពយ៉ាងកងរំពង ដើម្បីបង្ហាញស្មារតីស្រឡាញ់សន្តិភាព គោរពច្បាប់និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយទាមទារឱ្យប្រទេសថៃគោរពបទឈប់បាញ់ បញ្ឈប់ការបង្ករហេតុ ដែលនាំដល់ការផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ ក៏បានធ្វើឱ្យពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំងមកលើកម្ពុជា។

អ្នកនាំពាក្យ គូសបញ្ជាក់ថា «សរុបទៅ អាចនិយាយបានថា កម្ពុជា គឺជាប្រទេសតូច មានប្រជាជនតិច តែសំឡេងជាធ្លុង មួយនិងប្រកបដោយការទទួលខុសត្រូវរបស់កម្ពុជា ទទួលបានការគាំទ្រ និងកោតសរសើរពីបណ្តាប្រទេស ជាច្រើននៅក្នុងពិភពលោក ។ ទោះយ៉ាងណា បេសកកម្ម នៅមិនទាន់ចប់នៅឡើយទេ ដែលទាមទារឱ្យយើង ទាំងអស់គ្នាបន្តថែរក្សា កម្លាំង មហាសាមគ្គីឯកភាពជាតិដ៏រឹងមាំនេះ នៅពីក្រោយរាជរដ្ឋាភិបាល និងកងទ័ពដ៏អង់អាច ក្លាហានរបស់យើងជាបន្តទៀត និងដោយឥតងាករេ»៕

To Top