សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការចូលរួមរបស់ SCO ដើម្បីការពារសន្ដិសុខតំបន់

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់សារជាថ្មីអំពីការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ SCO ដើម្បីការពារសន្ដិសុខតំបន់។
ការបញ្ជាក់សារជាថ្មីរបស់ សម្ដេច នាយករដ្ឋមន្ដ្រីកម្ពុជា នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក Shanghai Cooperation Organization (SCO) Plus Summit នៅប្រទេសចិន នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំ សូមបញ្ជាក់សារជាថ្មីអំពីការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ SCO ដើម្បីការពារសន្ដិសុខតំបន់ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើតអនាគតមួយ ប្រកបដោយសន្ដិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការ សម្រាប់យើងទាំងអស់គ្នា»។

សូមរំលឹកថា កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក ត្រូវបានដឹកនាំដោយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំបណ្តាប្រទេសនានាជាសមាជិក អ្នកសង្កេតការណ៍ ដៃគូសន្ទនាជាង ២០ប្រទេស និងមេដឹកនាំអង្គការអន្តរជាតិមួយចំនួនទៀត ដូចជា អង្គការសហប្រជាជាតិ និងអាស៊ាន៕
