ព័ត៌មានអន្តរជាតិ

មនុស្សជាង ៨០០នាក់បានស្លាប់ និងប្រមាណ ២.៥០០ នាក់របួស ក្រោយរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ នៅប្រទេស អាហ្វហ្គានីស្ថាន

xinhua
" "

បរទេស៖ គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានអង្រួនភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ បណ្តាលឲ្យមនុស្សស្លាប់ជាង ៨០០នាក់ និងរបួសប្រមាណ ២.៥០០នាក់ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បានបញ្ជាក់។

យោងតាមសារព័ត៌មាន HINDUSTAN TIMES ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមតួលេខ ដែលផ្តល់ដោយអាជ្ញាធរ ជនរងគ្រោះភាគច្រើន ត្រូវបានរាយការណ៍នៅក្នុងខេត្ត Kunar ។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបាននិយាយថា គ្រោះរញ្ជួយដី ដែលបានវាយប្រហារ ប្រទេសនៅម៉ោង ១១៖៤៧នាទី យប់ ស្ថិតនៅកណ្តាលចម្ងាយ ២៧ គីឡូម៉ែត្រ ភាគខាងកើតឆៀងខាងកើតនៃទីក្រុង Jalalabad ក្នុងខេត្ត Nangarhar ។ គ្រោះរញ្ជួយដីក៏ត្រូវបានរាយការណ៍ នៅព្រឹកថ្ងៃចន្ទផងដែរ។

" "

លោក Sharafat Zaman អ្នកនាំពាក្យក្រសួងសុខាភិបាល សាធារណៈបាននិយាយថា “ប្រតិបត្តិការជួយសង្គ្រោះ នៅតែកំពុងដំណើរការនៅទីនោះ ហើយភូមិជាច្រើនត្រូវបានបំផ្លាញទាំងស្រុង ។ តួលេខសម្រាប់អ្នករងគ្រោះ និងអ្នករបួសកំពុងផ្លាស់ប្តូរ។ ក្រុមគ្រូពេទ្យមកពី Kunar, Nangarhar និងរដ្ឋធានី Kabul បានទៅដល់តំបន់រងគ្រោះហើយ” ។

" "

យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រ អាមេរិក (USGS) បានឱ្យដឹងថា មនុស្សជាង ១,២ លាននាក់ទំនងជាមានអារម្មណ៍ ញ័រខ្លាំង ឬខ្លាំង។

អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បាននិយាយថា មនុស្សប្រហែល ៨០០ នាក់បានស្លាប់ និង ២.៥០០ នាក់បានរងរបួសនៅក្នុងខេត្ត Kunar ដាច់ស្រយាលតែម្នាក់ឯង ។ លោក​បាន​បន្ថែម​ថា មនុស្ស ១២ នាក់​ផ្សេង​ទៀត​បាន​ស្លាប់ និង ២៥៥ នាក់​បាន​រង​របួស​នៅ​ក្នុង​ខេត្ត Nangarhar ដែល​នៅ​ជិត​ខាងនោះ។

អាជ្ញាធរតាលីបង់ និងអង្គការសហប្រជាជាតិ បានចល័តកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះទៅកាន់តំបន់ដែលរងគ្រោះខ្លាំង៕
ប្រែសម្រួលៈ ណៃ តុលា

To Top