មេដឹកនាំចិនលោក Xi អំពាវនាវឲ្យសមាជិក SCO ក្នុងការប្រកួតប្រជែង ឥទ្ធិពលត្រួតត្រា របស់ប្រទេសលោកខាងលិច

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយកាលពីថ្ងៃចន្ទថា សមាជិកនៃអង្គការកិច្ច សហប្រតិបត្តិការសៀងហៃ (SCO) គួរតែបន្តទប់ទល់នឹង អនុត្តរភាព និងនយោបាយអំណាច ដើម្បីជួយកសាងប្រព័ន្ធអន្តរជាតិ ដ៏យុត្តិធម៌មួយ។
ថ្លែងសុន្ទរកថាសំខាន់ទៅកាន់មេដឹកនាំ និងអ្នកតំណាង នៃប្រទេសសមាជិក និងដៃគូ លោក Xi បានអំពាវនាវនូវអ្វី ដែលលោកហៅថា ស្មារតីសៀងហៃ នៃ ការជឿទុកចិត្តគ្នា ផលប្រយោជន៍ទៅវិញទៅមក សមភាព ការពិគ្រោះយោបល់ ការគោរពចំពោះអរិយធម៌ចម្រុះ និងការស្វែងរកការអភិវឌ្ឍន៍រួមគ្នា។
លោក Xi បានកោតសរសើរ ចំពោះវឌ្ឍនភាពដែលធ្វើឡើងដោយ SCO ចាប់តាំងពីការបង្កើតឡើង ក្នុងឆ្នាំ២០០១ ហើយបានគូសបញ្ជាក់អំពីអាទិភាពថ្មីៗ។ លោកបាននិយាយថា សមាជិកត្រូវតែ ប្រឆាំងនឹងចិត្តគំនិតនៃសង្រ្គាមត្រជាក់ ការប្រឈមមុខដាក់គ្នា និងការអនុវត្តការគំរាមកំហែង ដែលជាពាក្យ ដែលតែងតែប្រើដោយទីក្រុងប៉េកាំង ដើម្បីរិះគន់គោលនយោបាយ របស់សហរដ្ឋអាមេរិក និងលោកខាងលិច។
លោកបានបន្ថែមថា ៖ យើងគួរតែតស៊ូមតិលើពិភពលោកពហុប៉ូលស្មើគ្នា និងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្ម សេដ្ឋកិច្ច ដែលមានអត្ថប្រយោជន៍ និងរួមបញ្ចូល ហើយធ្វើឱ្យប្រព័ន្ធអភិបាល កិច្ចពិភពលោកកាន់តែមានភាពយុត្តិធម៌ និងសមធម៌ ឡើង។
មេដឹកនាំចិនក៏បានជំរុញ ឱ្យសមាជិកបន្តកិច្ច សហប្រតិបត្តិការឈ្នះ-ឈ្នះ ខណៈពេលដែលគោរពភាព ខុសគ្នាជាតិរបស់ពួកគេ ពង្រឹងការផ្លាស់ប្តូររវាងប្រជាជន របស់ពួកគេ និងជំរុញឱ្យមានប្រសិទ្ធភាពកាន់តែច្រើន និងការបង្កើតគោលនយោបាយ ផ្អែកលើភស្តុតាងនៅក្នុង SCO ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
