រដ្ឋមន្រ្តីសុខាភិបាល ៖ បញ្ហាភាពស៊ាំ នៃថ្នាំផ្សះប្រឆាំងមេរោគ ផ្តើមពីបុគ្គលម្នាក់ៗ ត្រូវយកចិត្តទុកដាក់ មុនសម្រេចប្រើ

ភ្នំពេញ ៖ ក្នុងសិក្ខាសាលាជាតិ ស្តីពីការពង្រឹងការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ នៅមូលដ្ឋានសុខាភិបាល និងការចាប់ផ្តើមជាផ្លូវការ នៃគម្រោងស្រាវជ្រាវបែបអនុវត្ត នៅកម្ពុជា នាថ្ងៃ១ កញ្ញា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា បញ្ហាភាពស៊ាំនៃថ្នាំផ្សះប្រឆាំងមេរោគ គឺផ្តើមពីបុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ ពិចារណា និងគោរពបទដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ មុនការសម្រេចប្រើប្រាស់។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃសិក្ខាសាលានាពេលនេះ គឺដើម្បីធ្វើការរួមគ្នាជាក្រុមពហុជំនាញ ក្នុងការអនុវត្តសកម្មភាព ការគ្រប់គ្រង ការប្រើប្រាស់ឱសថ ប្រឆាំងមេរោគថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដោះស្រាយបញ្ហាភាពស៊ាំ ពន្យារភាពស៊ាំរបស់ឱសថ ប្រឆាំងមេរោគ ការពារផលរំខាន កាត់បន្ថយការចំណាយ និងដើម្បីធានាអំពីលទ្ធផលល្អបំផុត សម្រាប់សុខភាពរបស់អ្នកជំងឺ ដែលព្យាបាលដោយឱសថ ប្រឆាំងមេរោគ ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្នសង្គម។ សាស្រ្តាចារ្យបន្ថែមថា ភាពស៊ាំ នៃមេរោគជាមួយឱសថប្រឆាំងមេរោគនេះ បណ្តាលមកពីការប្រើប្រាស់ឱសថប្រឆាំងមេរោគ មិនត្រឹមត្រូវ ឬលើសតម្រូវការចាំបាច់ ។

ថ្លែងក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីឲ្យការអនុវត្តកម្មវិធីគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនេះ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យនោះ គឺក្នុងនាមជាមន្រ្តីសុខាភិបាល ត្រូវចាប់ផ្តើមពីការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ទៅលើបញ្ហា នៃការប្រើប្រាស់ឱសថប្រឆាំងមេរោគឲ្យបានត្រឹមត្រូវ , សិក្សាស្វែងយល់បន្ថែម អំពីបញ្ហាជំងឺឆ្លងដែលមាននៅលើសកលលោក ជាពិសេសនៅក្នុងតំបន់ និងពិភាក្សាទៅលើនិយាមការនៃការព្យាបាល ដោយប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគអង់ទីប៊ីយូទិក ។

សាស្រ្តាចារ្យបន្តថា ក្នុងនោះក៏ត្រូវឮបន្តពិនិត្យ និងធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធ នឹងការបណ្តុះបណ្តាល ទាំងនៅក្នុងសាកលវិទ្យាល័យ និងទាំងក្នុងចំណោម មន្រ្តីសុខាភិបាល ដែលកំពុងបម្រើការងារក្នុងមន្ទីរពេទ្យ , បន្តការបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាល អំពីការងារការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំង មេរោគ Antimicrobials Stewardship (AMS) ការបង្ការនិងត្រួតពិនិត្យការចម្លងរោគ និងការធ្វើរោគវិនិច្ឆ័យ ឲ្យត្រឹមត្រូវដោយផ្អែកលើភស្តុតាង ពីមន្ទីរពិសោធន៍ នៅតាមមូលដ្ឋានសុខាភិបាល ជាពិសេសក្នុងនាមជាគ្រូពេទ្យ ត្រូវគិតគូឲ្យបានច្បាស់លាស់មុន ចេញវេជ្ជបញ្ជាប្រើប្រាស់ឱសថប្រឆាំងមេរោគ ក្នុងនោះអាចទប់ស្កាត់ការរាតត្បាតជំងឺជាសកលមួយ៕









