សាស្ត្រាចារ្យ ឈាង រ៉ា ៖ ភាពរឹងមាំក្នុងការបំពេញតួនាទី របស់មន្រ្តីសុខាភិបាល ធ្វើឲ្យសម្រេចគោលដៅតាមការរំពឹងទុក

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ភាពរឹងមាំក្នុងការបំពេញតួនាទី របស់មន្រ្តីសុខាភិបាល ធ្វើឲ្យសម្រេចបានគោលដៅ និងទទួលបានលទ្ធផលល្អ តាមការរំពឹងទុក ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត លោកសាស្ត្រាចារ្យ ឈាង រ៉ាបានលើកឡើងពីសារៈសំខាន់ និងខ្លឹមសារនៃកិច្ចប្រជុំ ដើម្បីជូនថ្នាក់ដឹកនាំគ្រប់ផ្នែក និងគ្រប់កម្រិតទាំងអស់ យកទៅអនុវត្តការងារ ដោយការច្នៃប្រឌិតបន្ថែម ដើម្បីសម្រេចបានជាលទ្ធផលល្អប្រសើរ និងស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល។

សាស្រ្តាចារ្យក៏បានលើកឡើងពីសកម្មភាពការងាររបស់មន្រ្តីសុខាភិបាល នៅតាមព្រំដែន ដែលបានខិតខំបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងស្នើសុំថ្នាក់ដឹកនាំទទួលបន្ទុកមន្ទីរពេទ្យជាតិបន្តការគាំទ្រ ។ ទន្ទឹមនឹងនេះដែរ សាស្រ្តាចារ្យ ក៏បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់កម្រិតទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបន្តពង្រឹងការបម្រើសេវា និងការគ្រប់គ្រង នៅតាមមន្ទីរពេទ្យបង្អែកស្រុកឲ្យកាន់តែល្អប្រសើរជាងនេះ។ សាស្រ្តាចារ្យ បានណែនាំឲ្យថ្នាក់ដឹកនាំទទួលបន្ទុក ពង្រឹងការយកចិត្តទុកដាក់ លើកិច្ចការងារជំងឺមិនឆ្លង ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយល់ដឹង អំពីការថែទាំសុខភាព ដែលជាកត្តាសំខាន់ជាងគេ ។

សាស្រ្តាចារ្យ បានណែនាំដល់មន្ទីរពេទ្យជាតិ រៀបចំវគ្គបណ្តុះបណ្តាល បន្តឲ្យបានញឹកញ៉ាប់ ដែលអាចជួយបង្កើននូវចំណេះជំនាញ ពិសេសការយល់ដឹងអំពីស្ថានភាព នៃការវិវត្តន៍ នៃផ្នែកវេជ្ជសាស្រ្ត ជូនដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលឲ្យកាន់តែទូលំទូលាយ។ សាស្រ្តាចារ្យ បានបន្តឲ្យថ្នាក់ដឹកនាំពង្រឹងការងារមួយចំនួនដូចជា ៖ សុខភាពបន្តពូជ និងសុខភាពយុវវ័យ សុខភាពជនគ្មានទីពឹង សុខភាពផ្លូវចិត្ត និងសុខភាពភ្នែក៕








