បណ្ឌិត កៅ ថាចដឹកនាំកិច្ចប្រជុំប្រចាំខែ ពិនិត្យវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹង តាមរយៈការធ្វើបទបង្ហាញ ពីភាពជាអ្នកដឹកនាំ

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជេីញ ដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹង តាមរយៈការធ្វើបទបង្ហាញ ពីភាពជាអ្នកដឹកនាំ ។

កិច្ចប្រជុំប្រចាំខែកញ្ញានេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការអញ្ជើញចូលរួមពីអគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំងបុគ្គលិកជាង៣០០នាក់ផងដែរ។

លោកបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្នុងនាមជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោកបណ្ឌិតខិតខំដឹកនាំស្ថាប័ន ប្រកបដោយគោលបំណង វិន័យ និងការយល់ចិត្ត ប្រមូលហិរញ្ញវត្ថុ ដើម្បីផ្លាស់ប្តូរសហគមន៍ជនបទ ពង្រឹងវិស័យកសិកម្ម និងលើកកម្ពស់កំណើន សេដ្ឋកិច្ចជនបទប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕







