ព័ត៌មានជាតិ

សហជីពនៅកម្ពុជា អំពាវនាវដល់ពលករខ្មែរ កុំវិល​ត្រឡប់ទៅប្រទេសថៃវិញ ខណៈក្នុងស្រុកមានការងារសម្បូរបែប

ភ្នំពេញ៖ សហជីពធំៗនៅកម្ពុជា អំពាវនាវដល់បងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ កុំវិលទៅធ្វើការងារ នៅទីនោះទៀត ព្រោះមានហានិភ័យខ្ពស់ ចំពោះសុខសុវត្ថិភាព ប្រឈមការប្រើប្រាស់អំពើហិង្សា ការរើសអើង និងការធ្វើទុក្ខបុកម្នេញពីក្រុមជាតិជ្រុលនិយមថៃ ប៉ុន្តែសូមបងប្អូន ចាប់យកឱកាសការងារថ្មី ក្នុងស្រុកដែលមានសម្បូរបែប អត្ថប្រយោជន៍ច្រើន មានសុវត្ថិភាព និងមានភាពកក់ក្តៅនៅជិតគ្រួសារ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាថ្លែងថា ការត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញបងប្អូននឹងប្រឈមបញ្ហាផ្លូវច្បាប់នៅក្នុងប្រទេសថៃ ការប្រើប្រាស់អំពើហិង្សា ពីសំណាក់ក្រុមជាតិជ្រុលនិយមថៃ ដោយសារពួកគេមានការើសអើងចំពោះពលករដែលជាជនជាតិខ្មែរ។

លោកប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកទឹកចិត្តដល់ពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ គួរតែរកការងារធ្វើនៅក្នុងស្រុកវិញល្អជាង ព្រោះបច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តផ្សព្វផ្សាយឱកាសការងាររាប់ម៉ឺនកន្លែងដល់មូលដ្ឋានភូមិឃុំនៅទូទាំងប្រទេស។

លោកថ្លែងថា៖«ពលករខ្មែរយើងខ្លះគាត់មកដល់ស្រុកហើយ ប៉ុន្ដែពួកគាត់បែរជានាំគ្នាលួចឆ្លងដែនទៅថៃវិញ។ ខ្ញុំគិតថា សកម្មភាពនេះគ្រោះថ្នាក់ណាស់ សូមបងប្អូនគិតគូរឱ្យបានវែងឆ្លាយ ព្រោះជាការឆ្លងដែនដ៏ប្រថុយប្រថានទាំងខុសច្បាប់ ហើយកម្ពុជា និងថៃ កំពុងមានទំនាស់រឿងព្រំដែនទៀត។ អ៊ីចឹង បើអាចចៀសបាន សូមបងប្អូនកុំវិលត្រឡប់ទៅប្រទេសថៃវិញ» ។

ស្រដៀងគ្នានេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជា ពន្លឺកម្មករ លើកឡើងថា ក្រសួងការងារបានបញ្ជូនក្រុមការងារ ចុះផ្សព្វផ្សាយពីឱកាសការងារ នៅតាមមូលដ្ឋានដោយផ្ទាល់ ដើម្បីឱ្យបងប្អូនអាចទៅសម្ភាសការងារភ្លាមៗ។

ផ្ទាំងពាណិជ្ជកម្ម

លោកបញ្ជាក់ថា៖«ខ្ញុំក្នុងនាមសហជីព ក៏បានចូលរួមចំណែកក្នុងការស្វែរកការងារជូនពលករខ្មែរយើងដែរ គឺខ្ញុំបានប្រមូលឱកាសការងារ ពីរោងចក្រសគ្រាសដែលមានតម្រូវការកម្លាំងពលកម្ម គឺខ្ញុំបានចែករំលែកទៅក្រសួងការងារ ឬក៏ណែនាំពលករខ្មែរដោយផ្ទាល់ ព្រោះពួកគាត់ខ្លះបានស្គាល់ខ្ញុំ ហើយខ្ញុំក៏ជួយពួកគាត់បានមួយចំនួនដែរ»។

ទន្ទឹមនោះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) ថ្លែងថា ការមិនត្រឡប់ទៅធ្វើការងារនៅប្រទេសថៃ គឺជាការចូលរួមបំពេញកម្លាំងពលកម្ម ក្នុងស្រុក រួមចំណែកលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកថា តម្រូវការកម្លាំងពលកម្ម នៅក្នុងប្រទេសសព្វថ្ងៃនេះ មានរាប់ម៉ឺន កន្លែងទាំងនៅក្នុងរោងចក្រ សហគ្រាស នៃវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ដេរកាបូប និងស្បែកជើង សិកម្ម សេវាកម្ម សំណង់ ទេសចរណ៍ និងការងារផ្សេងៗជាច្រើនទៀត។

លោកបានអំពាវនាវដល់ពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ គួរតែទាក់ទងទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈលេខទូរសព្ទ ១២៩៧ ឬក៏អាចទាក់ទងអាជ្ញាធរមូលដ្ឋាន ដែលកំពុងរង់ចាំសម្របសម្រួល និងស្វែងរកការងារជូន។

លោក ហង្ស រ៉ាវី បានបញ្ជាក់ថា ៖«បងប្អូនពលករខ្មែរដែលបានមកដល់ស្រុកយើងហើយ សូមកុំឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារ ធ្វើនៅប្រទេសថៃទៀត ហើយគួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ តាមរយៈលេខ ១២៩៧ និងសាកសួរអាជ្ញាធរមូលដ្ឋាន ព្រោះការងារក្នុងស្រុកសំបូរបែប សុវត្ថិភាពជាង ចំណាយតិចជាង និងទទួលបានប្រាក់ឈ្នួលសមរម្យ រួមទាំងអត្ថប្រយោជន៍ការថែទាំសុខភាព និងប្រាក់សោធន ដែលនៅប្រទេសថៃ មិនមាននោះឡើយ»។

បើតាមលោក ហង្ស រ៉ាវី ការធ្វើចំណាកស្រុកដោយគ្មានឯកសារ នឹងត្រូវខាតបង់ធនធានលើមេខ្យល់ បញ្ហាសុវត្ថិភាព ប្រឈមការចាប់បញ្ជូនត្រឡប់មកវិញ ពេលទៅដល់មានការរើសអើង ការកេងប្រវ័ញ្ច និងអាចប្រឈមនឹងការជាប់ពន្ធនាគារជាដើម៕

To Top