លោក កែវ រតនៈ៖ សមទ្ធផលថ្មី គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG នឹងជួយឱ្យកម្ពុជាធានាបានការផ្គត់ផ្គង់ ដែលមាននិរន្តរភាពទៅថ្ងៃអនាគត

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា កម្ពុជា ត្រៀមនឹងទទួលបានសមទ្ធផលថ្មី គឺការដែលកំពុងសាងសង់ គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ដោយថាមពលនេះ នឹងជួយឱ្យកម្ពុជា ធានាបាននូវការផ្គត់ផ្គង់អគ្គិសនី ដែលមាននិរន្តរភាព ស្ថេរភាព និងបានល្អនៅថ្ងៃអនាគត ។

ថ្លែងពិធីជួបជុំនិវត្តជនអគ្គិសនីកម្ពុជា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃអគ្គិសនីកម្ពុជា នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក កែវ រតនៈ បានលើកឡើងថា អគ្គិសនីកម្ពុជា បានបង្កើតនូវការអភិវឌ្ឍមួយរបត់ទៀត ឈានទៅមួយជំហ៊ាន ដើម្បីឱ្យកម្ពុជា នៅតែជាប្រទេស ដែលមានថាមពលស្អាតខ្ពស់ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសឡាវ។
ក្នុងនោះ លោករដ្ឋមន្ត្រី បានលើកឡើងថា បើគ្មានមូលដ្ឋានគ្រឹះពីមុន ក៏អត់មានឥឡូវដែរ នេះគឺជាសមទ្ធផលរួម ដែលសមាជិកអគ្គិសនីកម្ពុជា ក៏ដូជាកម្ពុជាបានកសាង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះ ។
លោក កែវ រតនៈ មានប្រសាសន៍ថា “អ្វីដែលសង្គមយើងត្រៀមនឹងទទួលថ្មីដែល គឺការដែលយើងកំពុងតែសាងសង់ គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG គឺឧស្ម័នប្រភេទរាវ ដែលយកមកដឹកជញ្ជូនមក ហើយយកមកធ្វើជាឧស្ម័នឡើងវិញ ដើម្បីដុតធ្វើជាថាមពល ដោយថាមពលនេះ គឺវានឹងជួយឱ្យកម្ពុជាយើង ធានាបាននូវការផ្គត់ផ្គង់ ដែលមាននិរន្តរភាព ហើយជាពិសេសស្ថេរភាព និងបានល្អនៅថ្ងៃអនាគត” ។
លោករដ្ឋមន្ត្រី ក៏បានអះអាងថា គម្រោងនេះ ក៏និងកំពុងត្រូវបានសាងសង់រោងចក្រ ជារៀងរាល់ថ្ងៃ នៅខេត្តកោះកុង ។
សូមបញ្ជាក់ថា រោងចក្រថាមពលអគ្គិសនី ដើរដោយចំហេះឧស្ម័នធម្មជាតិ (LNG) តម្លៃប្រមាណ១ ៣៥០លានដុល្លារ ត្រូវបានសាងសង់ឡើង នៅក្នុងស្រុកបុទមសាគរ ខេត្តកោះកុង។ រោងចក្រថាមពលអគ្គិសនីនេះ នឹងមានអានុភាពថាមពលចំនួន ៩០០មេហ្គាវ៉ាត់ ខណៈដែលរោងចក្រថាមពលអគ្គិសនី ដើរដោយចំហេះឧស្ម័នធម្មជាតិ គឺជាគម្រោងដំបូងគេបង្អស់នៅកម្ពុជា ក្រោមការវិនិយោគរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប៕
